បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកបាក់ផ្ទះប្រជាពលរដ្ឋនៅសៀមរាប
សៀមរាប ៖ បុរសម្នាក់បានបើករថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-5491បុកផ្ទះប្រជាជនបណ្ដាលឲ្យបាក់កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចសាលាបង្រៀនបើកបរសុវត្ថិភាព តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពព័ត៌មានថា មុនពេលកើតហេតុ ខណៈម្ចាស់ផ្ទះកំពុងលក់ដូរយកទឹកសុទ្ធនិងស្រាបៀរឱ្យអ្នកទិញ ស្រាប់តែឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើងរ៉េចង្កូតចូលទៅខាងឆ្វេងដៃ បុកសរសេរសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចខ្ទី ហើយទៅបុករថយន្តកាមរី ពណ៌ខ្មៅ កំពុងចតទុក នៅមុខផ្ទះ បែរក្បាលទៅលិច។ ពេលនោះស្រាប់តែបុកផាំង វិលឡានបែរក្បាលមកត្បូងវិញ រួចបុករានទេវតាបាក់ជា២កំណាត់ ជើងនៅក្រោម ក្បាលនៅលើឡានកាមរី រួចបុកបន្តទៅរថយន្តហ្វតរ៉ាប់ទ័រ តម្លៃជាង៨ម៉ឺនដុល្លារ ហើយរថយន្តហ្វតរ៉ាប់ទ័រនោះ រុញបុកខ្ទេចមួយចំហៀងខាងឆ្វេង រថយន្ត ឡិចស៊ីស៣០០ ពណ៌ខ្មៅ ដែលចតទុក នៅមុខផ្ទះលក់ចំណីសត្វគ្រប់ប្រភេទ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-5491 អ្នកបើកបរដោយឈ្មោះ ភាត ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើកបររកឃើញមានជាតិអាកុល០,៥៦mg។
ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តបង្កបានបុកផ្ទះរបស់ឈ្មោះ ភឿន សុធារ័ត្ន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខូចខាតសំយាបមុខផ្ទះ ទាំងស្រុង។ បន្ទាប់មកបុករថយន្តម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2B-4032 មានម្ចាស់ឈ្មោះ ងួន ហ៌ួត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង រថយន្ត FORD ពណ៌ខ្មៅ ផ្លាកលេខ Cambodia Kimsour7 និង រថយន្ត LUXES RX300 ពណ៌ខ្មៅ ផ្លាកលេខ 2N-0016 ភ្នំពេញ មានម្ចាស់ឈ្មោះ គោម ហួត ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ាករថយន្តឡិចស៊ីស ពាក់ផ្លាកលេខ សៀមរាប ២B.៥៤៩១ បើកបរក្នុងស្ថានភាពស្រវឹង រកឃើញមានជាតិអាកុលមានចំនួន 0,៥៦mg,l បានបុករថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ដោយរថយន្តឡិចស៊ីស ខូចខាតមធ្យម, រថយន្តFord rapter ខូចខាតធ្ងន់ និងខូចខាតសំយ៉ាបផ្ទះនិងរបងផ្ទះទាំងស្រុង តែពុំមានមនុស្សណាម្នាក់រងរបួសទេ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងនិងបញ្ជូនសំណុំរឿងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំពោះរថយន្ត ដែលរងគ្រោះត្រូវបានម្ចាស់សុំទុករក្សានៅមុខផ្ទះកន្លែងកើតហេតុបណ្តោះអាសន្ន៕