សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់អរិភាពទាក់ទងជាមួយនឹងបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ឈប់នូវអ្វីដែលសម្ដេចថាជាការដុតឲ្យខ្លោច រោលឲ្យក្ដៅ លើអ្នកចម្រៀងអ្នកនាង មាស សុខសោភា និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ។

ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការចូលទៅផ្ដល់យោបល់មួយចំនួននៅលើទំព័រហ្វេសប៊ុកអ្នកនាង មាស សុខសោភា ដែលចង់ឱ្យមានវិធានការផ្លូវច្បាប់លើអ្នកនាងនោះគឺជាការដែលជ្រុលហួសបន្តិច ខណៈដែលតារាចម្រៀងរូបនោះបានស្នើសុំការអភ័យទោសនិងបានដកបទចម្រៀងនោះចេញរួចហើយ។

បទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ត្រូវបានតែងនិពន្ធដោយលោក ពេជ្រ សង្វាវង្ស ហៅ តាសក់ស ភ្នំត្បែង ដែលមានអត្ថន័យពីជម្លោះសាសនានិងការយកព្រះបាទជ័យវរ្ម័នទី៧ទៅសម្លាប់។

សម្ដេចតេជោថាបទចម្រៀងនេះមានកំហុសឆ្គងនៃការនិពន្ធ រួមទាំងខុសន័យប្រវត្តិសាស្ត្រធ្ងន់ធ្ងរថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង