«កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់…»
ភ្នំពេញ៖ «កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចបន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត»។ នេះជាថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត៦០០០នាក់។
នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ។សម្ដេចតេជោរំពឹងថាប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ខាងមុខ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា បច្ចុប្បន្ននេះគឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញដោយក្តីមោទនភាពដែលបានឃើញស្រ្ដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្រ្ដីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជីវកម្ម និងបង្កើតមុខរបរដោយខ្លួនឯងផងដែរ។
ក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ទាំងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ស្រ្ដីពិតជាមានតួនាទីសំខាន់ណាស់ក្នុងចូលរួម ដូច្នេះពាក់គីពាក់ព័ន្ធត្រូវបន្តជំរុញបន្ថែមទៀតលើការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈនាពេលខាងមុខរាជរដ្ឋាភិបាលនឹងរៀបចំការបណ្ដុះបណ្ដាលដល់យុវជន សិស្ស-និស្សិតជាង ១,៥ លាននាក់លើជំនាញវិជ្ជាជីវៈ និងជំនាញដូនតាខ្មែរ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ កោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានទាក់ទាញនិស្សិត បរទេសជាច្រើនមកចូលសិក្សា ក្នុងនោះមាននិស្សិតបារាំងជាង ១០០នាក់ ដែលនេះបានបង្ហាញពីកត្តាគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាយើង៕
គួរជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើកហើយ ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត៕