ប៉ូលិសស្រីម្នាក់ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ មន្ត្រីនគរបាលជាស្ត្រីម្នាក់បានទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះវីឡាមួយកន្លែងដែលនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
ករណីធ្វើអត្តឃាតខាងលើនេះ គេមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយទេ។ ប៉ុន្តែមុនបាញ់សម្លាប់ខ្លួនឯង ស្ត្រីរូបនោះបានសរសេរសំបុត្រផ្តាំចុងក្រោយដោយសុំទោសអ្នកមានគុណដូច្នេះថា៖ «កូនសុំទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកំាភ្លើងនេះកូនខ្ចីបង គេអត់ជាប់ពាក់ព័ន្ធទេ យកកំាភ្លើង ឲ្យគាត់វិញផង កូនសុំទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយ ប៉ាម៉ែជាមនុស្សល្អ លាប្អូនទាំង៤នាក់ លាលោកកុងចៅ សូមទោសគ្មាននរណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»។
បើតាមលោកវរសេនីយឯក សុខ ហេង អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅប្រាប់ឱ្យដឹងថា ជាដំបូងមិនទាន់ដឹងថាស្ត្រីរងគ្រោះមានវិបត្តិអ្វីនោះទេទើបបានឈានទៅដល់ការបាញ់សម្លាប់ខ្លួនឯងបែបនេះ ខណៈអ្នកជំនាញកំពុងតែធ្វើកោសល្យវិច្ឆ័យ ហើយបច្ចុប្បន្នសពស្រី្តជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕