កម្មករ កម្មការិនី រោងចក្រ«ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីង» ផ្ទុះការតវ៉ាទាមទារឱ្យដកប្រធានគ្រប់គ្រងរោងចក្រ និងប្រធានរដ្ឋបាលផ្នែកធនធានមនុស្សនៃរោងចក្រនៅស្រុកខ្សាច់កណ្ដាល

កណ្ដាល៖ កម្មករ កម្មការិនី រាប់សិបនាក់ ដែលបម្រើការងារនៅរោងចក្រ«ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីង» ហៅរោងចក្រទី៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានផ្ទុះការតវ៉ាទាមទារឱ្យដកប្រធានគ្រប់គ្រងរោងចក្រ និងប្រធានរដ្ឋបាលផ្នែកធនធានមនុស្សនៃរោងចក្រ ប៉ុន្តែករណីនេះ មិនអាចផ្លាស់ប្ដូរតាមសំណើរបានទេ ដោយផ្អែកថា «ថៅកែរោងចក្រនៅក្រៅប្រទេស»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

បើតាមប្រភពព័ត៌មានពីកម្មករបានឲ្យដឹងថា ពួកគេប្រកាន់ភ្ជាប់ដាច់ខាតនូវការទាមទារឱ្យថៅកែរោងចក្រដកលោក ម៉េង សុជាតិ ប្រធានគ្រប់គ្រងរោងចក្រ និងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលផ្នែកធនធានមនុស្សរោងចក្រចេញដោយមូលហេតុថា ពួកគេគ្មានសមត្ថភាពដឹកនាំ គ្មានការយល់យោគគាបសង្កត់បិទសិទ្ធិ តឹងតែងជ្រុលពេក និងមានគោលការណ៍ដឹកនាំមិនច្បាស់លាស់។

ប្រភពព័ត៌មានបន្តថា ស្រពេលកំពុងមានរឿងតវ៉ា ស្រាប់តែលោក ម៉េង សុជាតិ តម្រូវឱ្យកម្មករ កម្មការិនី ផ្ដិតមេដៃ និងស្គែនមុខ ពេលចូលធ្វើការ ហើយថែមទាំងព្យួរការងារ ពួកគាត់ថែមទៀតផង ដែលកត្តាទាំងនេះហើយ បណ្ដាលឱ្យពួកគាត់ ខកខានការងារ ខាតប្រាក់ខែ រហូតកើតរឿងក្ដៅក្រហាយឈានដល់ប្ដឹងសុំផ្លាស់ប្ដូរប្រធានគ្រប់គ្រងរោងចក្រ រួមនិងប្រធានរដ្ឋបាល ផ្នែកធនធានមនុស្ស តែម្ដងទៅ។

បើតាមប្រភពព័ត៌មានពីលោក មឿន ភា ប្រធានសហជីពមូលដ្ឋាននៅរោងចក្រ«ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីង»ហៅ(រោងចក្រទី៤)។
បានបញ្ជាក់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា កម្មករ កម្មការិនី បានធ្វើការ តវ៉ាជាច្រើនថ្ងៃមកហើយពោលគឺតាំងពីថ្ងៃទី២៩ ខែឧសភា ឆ៧២០២៣ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅតែមិនមានដំណោះស្រាយ ដែលអាចទទួលយកបាន។លោក មឿន ភា បន្តថាដំបូងឡើយកម្មករ កម្មការិនីតវ៉ាទាមទារចំនួន៩ចំណុច ក្នុងនោះអាជ្ញាធរដោះស្រាយបាន ៨ចំណុច នៅ១ចំណុចទៀត ដែលមិនទាន់ដោះស្រាយចប់គឺការទាមទារសុំដកលោក ម៉េង សុជាតិ និងលោក ស៊ុន វាសនា ចេញពីការងារ។

បើតាមលោក មឿន ភា កំឡុងពេលតវ៉ាប៉ុន្មានថ្ងៃនេះ អាជ្ញាធរបានប្រាប់កម្មករកម្មការិនីថា ទាល់តែថៅកែរោងចក្រ ទើបមានសិទ្ធិ សម្រេចដកឬដាក់អ្នកគ្រប់គ្រងថ្មី។ ព្រោះថាបច្ចុប្បន្ន ថៅកែរោងចក្រ កំពុងនៅក្រៅប្រទេស ហេតុនេះសំណើរចុងក្រោយ រឿងសុំដកអ្នកគ្រប់គ្រងរោងចក្រ គឺទាល់តែថៅកែចុះមកផ្ទាល់ អាចថា ១ខែទៀត ឬយូជាងនេះ។

ទាក់ទិនករណីខាង នៅរសៀលថ្ងៃទី០៥ ខែមិថុនានេះ អ្នកសារព័ត៌មានបានព្យាយាមសុំការបកស្រាយពីលោក ធុល នាង ប្រធានមន្ទីរ ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកណ្ដាលដោយបានប្រាប់ថា លោកកំពុងរវល់ប្រជុំ ជាមួយរដ្ឋមន្ត្រី។

ដោយឡែកចំពោះលោក ស៊ុន វាសនា ប្រធានរដ្ឋបាលផ្នែកធនធានមនុស្សនៅរោងចក្រខាលើទូរស័ព្ទខលចូលជាច្រើនលើកហើយ ប៉ុន្តែគ្មានអ្នកទទួល។ ខណៈលោក ម៉េង សុជាតិ ប្រធានគ្រប់គ្រងរោងចក្រក៏មិនអាចធ្វើការទំនាក់ទំនងបាននោះដែរ។

ទោះបីជាយ៉ាងណាលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលក៏ធ្លាប់បានដឹកនាំមន្ត្រីចុះដោះស្រាយជូនបងប្អូន កម្មករកម្មការិនី ជាច្រើនលើករួចមកហើយ និងសម្រេចដោះបាន៨ចំណុច នៅ១ចំណុចទៀត ដែលដោះមិនទាន់បាន។

ជាមួយគ្នានោះ លោក ចេង ឌីណា បានស្នើសុំដល់បងប្អូនកម្មករ កម្មការិនីសុំរក្សាភាពស្ងៀមស្ងាត់ និងនាំគ្នាធ្វើការឡើងវិញដើម្បីរង់ចាំការដោះស្រាយបន្ត ខណៈរូបលោកមិនព្រងើយកន្តើយ ចំពោះទុក្ខកង្វល់ របស់បងប្អូនកម្មករ កម្មការិនី រោងចក្រនោះឡើយ។

ទន្ទឹមគ្នានោះ កម្មករ កម្មការិនី រោងចក្រ ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីងបានសំនូមពរយ៉ាងទទូចដល់ឯកឧត្ដមអភិបាលខេត្តកណ្ដាល ក្រសួងពាក់ព័ន្ធ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយតាមសំណើរ៤បស់ពួកគាត់ផង៕

អត្ថបទដែលជាប់ទាក់ទង