ក្រុមអន្តរាគមបង្រ្កាបបទល្មើសចរាចរសត្វឃាត់ចាប់បានរថយន្តក្រុង១គ្រឿងលួចដឹកស៊ុតមាន់ខុសច្បាប់ជាង៦ម៉ឺនគ្រាប់

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចរាចរសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឃាត់ចាប់រថយន្តក្រុង០១គ្រឿង ម៉ាក Hyundai Aero Space ចំណុះ៤៥កៅអី ពណ៌ខៀវ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 3B-8998 ផ្ទុកស៊ុតមាន់សរុបចំនួន២២០ដុំ ស្មើនឹង៦៦០០០គ្រាប់ នៅចំណុចខាងលិចស្ពានទី១ ផ្លូវសៀមរាប ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមិនមានលិខិតអនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្រអនាម័យអ្វីទាំងអស់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

បើតាមម្ចាស់រថយន្តឈ្មោះ ហេង ម៉េង ហាក់ ដែលមានអាសយដ្ឋានរស់នៅភូមិទួលពោធិ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់មន្រ្តីជំនាញយើងថា គាត់បានទទួលដឹកស៊ុតមាន់ខាងលើ ពីចំណុចបេនឡានផ្សារដើមគរ (បេនឡានចល័ត) ដោយត្រូវដឹកមកចែកចាយលក់នៅផ្សារ ហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ថាមានម្ចាស់២នាក់ គឺឈ្មោះ ចរិយា និងឈ្មោះ ភ័ក្រ ។

បច្ចុប្បន្នមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ មកបង្ខាំងទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង