ពុទ្ធោអើយ ម្តាយឈឺធ្ងន់ សល់ដង្ហើមចុងក្រោយ បែរជាកូនប្រុសត្រូវប៉ូលិសខេត្តតាកែវចាប់វ៉ៃខ្នោះ បញ្ចូនទៅតុលាការឃុំខ្លួនក្នុងគុក ទោះបីជាភាគីសងខាងព្រមព្រៀងគ្នាបញ្ចប់លើករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ!
កណ្តាល៖ កាលពីវេលាម៉ោង២និង៤៨នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងកម្មករស៊ីឈ្នួលដឹកដបតាមរ៉ឺម៉កនិងអ្នកលើកឥវ៉ាន់ដាក់រថយន្តដែលចតលើចិញ្ចើមថ្នល់នៅក្រោមស្ពានអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបន្តថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារអ្នកបើករ៉ឺម៉កដឹកដបពីភ្នំពេញទៅស្រុកត្រាំកក់ ខេត្តតាកែវ រហូតមកដល់ចំណុចផ្សារអង្គតាសោមក៏មានឡានបើកមកវ៉ារជែង ខណៈនោះអ្នកបើករ៉ឺម៉កដឹកដបបានព្យាយាមគេចចេញរហូតជ្រុលចង្កូតទៅប៉ះជាមួយអ្នកលើកឥវ៉ាន់ដែលឈប់ឡានលើចិញ្ចើមថ្នល់នៅចំណុចក្រោមស្ពានអង្គតាសោមបណ្តាលឲ្យរងរបួសបាក់ភ្លៅ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ភាគីទាំងសងខាងក៏បានធ្វើការសម្របសម្រួលគ្នារហូតដល់មានការព្រមព្រៀងទទួលយកប្រាក់សំណងចំនួន ១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែខាងមន្ត្រីនគរបាលចរាចរណ៍បែរជាបញ្ជូនមនុស្ស និងសំណុំរឿងនេះ ទៅខាងតុលាការខេត្តតាកែវ ហើយក៏ត្រូវបានតុលាការបញ្ជួនអ្នកបើកបរដឹកដបទៅឃុំខ្លួននៅក្នុងពន្ធធានាគារខេត្តតាកែវ។ ខណៈបច្ចុប្បន្នម្តាយរបស់អ្នកបើកបរដឹកដបកំពុងតែឈឺធ្ងន់ សល់តែដង្ហើមចុងក្រោយ។
បើតាមប្រភពពីជនរងគ្រោះបានប្រាប់ភ្នាក់ងារសារព័ត៌មាន The Mirror News ដឹងថា គាត់បានយល់ព្រមសម្របសម្រួលបញ្ចប់រឿងជាមួយអ្នកបើកបរដឹកដបហើយគឺ១៥០០ដុល្លារ។ លោកបន្តថា ព្រោះអ្នកបើកបររ៉ឺម៉កក៏ជាអ្នកក្រខ្សត់ មិនមានប្រាក់ទេ មិនមានលុយចាយវាយសេវាផ្សេងៗ ដើម្បីដោះបណ្ដឹង ទើបភាគីអ្នកបើកបររ៉ឺម៉កមិនទាន់ប្រគល់លុយជូនគាត់ជាអ្នករងរបួស។ ខណៈគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នកចេះច្បាប់នៅកម្ពុជាបានលើកឡើងថា «អាណិតអ្នកក្រ ពេលបើកម៉ូតូរ៉ឺម៉កមានគ្រោះថ្នាក់ចរាចរណ៍របួសតែមិនបណ្តាលឱ្យស្លាប់ ឬពិការអចន្ត្រៃយ៍ទេ។ ភាគីព្រមព្រៀងរឿងផ្តល់សំណងរដ្ឋប្បវេណីទៀត។ ម្តាយឈឺធ្ងន់ដង្ហើមចុងក្រោយ តែកូនប្រុសជាប់ឃុំបណ្តោះអាសន្ន។ គោលការណ៍ឃុំខ្លួនកុំចិត្តងាយពេក គួរពិនិត្យស្ថានភាពនៃអំពើ ចរិកលក្ខណៈជនសង្ស័យ និងគោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្ន។ ខាតសេដ្ឋកិច្ចរដ្ឋ ប៉ះពាល់ជីវភាពគ្រួសារ និងនាំឱ្យរាស្ត្រយល់ច្រឡំភាពរើសអើងនៃការអនុវត្តច្បាប់….»
គួររំលឹកផងដែរថា នៅក្នុងសង្គមយើងកន្លងមក មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើង ហើយក៏មានមន្ត្រីជាន់ខ្ពស់ ឬអ្នកមានជីវភាពធូធារបានបង្ករគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនាបណ្តាលឱ្យជងរងគ្រោះស្លាប់ ឬរបួសធ្ងន់ ប៉ុន្តែមិនឃើញមានការចាប់ឃុំខ្លួនអីទេ ឱ្យតែអ្នកនោះ ទទួលខុសត្រូវសំណង និងមានការទទួលស្គាល់កំហុស។ល៕