ប៉ូលិសខេត្តតាកែវបង្ក្រាបមុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូយ៉ាងសកម្មលើកំណាត់ផ្លូវជាតិលេខ៣ បាន៣នាក់ ខណៈ២នាក់ទៀតរបូតបាត់

តាកែវ៖ នគរបាលស្រុកត្រាំកក់ចុះបង្ក្រាបករណីក្រុមមុខសញ្ញាធ្វើសកម្មភាពវ៉ៃធាក់ប្លន់យកម៉ូតូតាមដងផ្លូវសាធារណៈបាន៣នាក់កាលពីថ្ងៃពុធទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទី នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥ និង៧៦នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់ប៉ូលិសស្រុកត្រាំកក់បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសមួយបង្កឡើងដោយជនសង្ស័យចំនួន៥នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត នៅពេលដែលជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ពណ៌ខ្មៅស៊េរី ២០២៣តាមផ្លូវជាតិលេខ៣ ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

ប្រភពខាងលើបញ្ជាក់ថា នៅពេលធ្វើសកម្មភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យបានចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខកំពង់ចាម1.V9914។

ប្រភពព័ត៌មានថា ជនសង្ស័យដែលក្របួចបានរួមមាន៖១-ឈ្មោ ទួន ចាន់តុលា ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ សាន មេសា ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរឥស្លាមនៅភូមិឡគោសង្កាត់លេខ៥ ខណ្ឌឬស្សីកែវ។ និង៣-ឈ្មោះ គង់ សុវណ្ណា ភេទប្រុស អាយុ20ឆ្នាំ នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានបន្តដឹងទៀតថា ចំណែកបក្សពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់៖១-ឈ្មោះ យស់ ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោសង្កាត់លេខ៥ ខណ្ឌឫស្សីកែវ។ និង២-ឈ្មោះ ជីង ចាំង ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិគីឡូលេខ៧ ខណ្ឌឫស្សីកែវរាជនីភ្នំពេញ។

មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងថា ចំពោះម៉ូតូដែលដកហូតបានគឺជារបស់ឈ្មោះ ជីង ចាំង។

ប្រភពអះអាងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង