ការបញ្ចេញសាច់ដុំចុះបង្ក្រាបនាងៗនៅផ្លូវវេងស្រេងរបស់លោកស័ក្តិ៥ ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យផ្អើលដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ៖ បន្ទាប់ពីលោកស័ក្តិ៥ ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះបង្ក្រាបក្រុមនាងៗអង្គុយបក់ដៃហៅម៉ូយកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវវេងស្រេង ស្រាប់តែនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់អ្នកបម្រើសេវាកំសាន្តនានាក៏មានចិត្តរីករាយព្រោះអ្នកទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ ( អ្នកបក់ដៃតាមផ្លូវ ) ហើយហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬមានមេមានកើយបានរដ្ឋជួយ ហើយអ្នកក្បាលមួយត្រូវមានទោស ឬមួយគាត់បារម្ភថា ខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរទេសគេរិះគន់?។
គួរជម្រាបជូនថា កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនៃស្នងការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបស្ត្រីៗរកស៊ីបម្រើសេវាផ្លូវភេទចាប់ដាក់ឡានបានជាច្រើននាក់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕