ចេញឆក់ភ្លាត់ស្នៀតត្រូវបានកម្លាំងPMភ្នំពេញចាប់វ៉ៃខ្នោះ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនវ៉ៃខ្នោះ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីវេលាម៉ោងប្រមាណ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រភពបន្តថា ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ឈ្មោះ ឡេង បូរិន ហៅជឺ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ថន នុន ភេទប្រុស អាយុ២១ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕