ខ្សឹបដាក់មេក្រូ៖ ឈ្មួញឈ្មោះ ញឹក គង្គា មេខ្លោងដឹកធ្យូងអត់ច្បាប់ចូលទៅដីថៃតាមច្រកអូររំដួលរៀងរាល់ថ្ងៃ ខណៈលោកស្នងការខេត្តបាត់ដំបងថា ឲ្យគណៈបញ្ជាការឯកភាពស្រុកជាអ្នកបំភ្លឺ

ភ្នំពេញ៖ ធ្យូងអូសជាច្រើនរថយន្តត្រូវបានក្រុមឈ្មួញបានកំពុងឃុបឃិតគ្នាធ្វើសកម្មភាពដឹកជញ្ជូនតាមច្រកអូររំដូល ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងចូលទៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវយ៉ាងគគ្រឹកគគ្រេង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនធ្យូងតាមច្រកអូររំដូលចូលទៅដីថៃអត់ច្បាប់ខាងលើ មានមេខ្លោងឈ្មោះ ញឹក គង្គា ដែលមានតួនាទីជាប្រធានទំនាក់ទំនងនិងបក្សពួក។

ប្រភពព័ត៌មានបានបន្តទៀតថា ធ្យូងអូសទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមច្រកអូររំដូលចូលទៅដីថៃរៀងរាល់ថ្ងៃ គឺដឹករាល់ថ្ងៃហើយអត់មានច្បាប់ត្រឹមត្រូវនោះទេ។

ទាក់ទិនករណីខាងលើនេះ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងតាមប្រព័ន្ធទូរស័ព្ទថា លោកបានប្រាប់ឲ្យភ្នាក់ងារព័ត៌មានយើងទៅទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ព្រោះថាលោកបានប្រជុំជាមួយបញ្ជាការឯកភាពជាមួយឯកឧត្តមអភិបាលខេត្តហើយថា តំបន់ណាមានបញ្ហាគឺគណៈបញ្ជាការឯកភាពស្រុកនៅទីនោះធ្វើការដោះស្រាយ។ លោកផ្កាយ២បន្តថា ពាក់ព័ន្ធជាមួយសារព័ត៌មានគឺឲ្យរដ្ឋបាលស្រុកជាអ្នកធ្វើការបំភ្លឺទៅកាន់សារព័ត៌មាន។ លោកស្នងការបន្ថែមថា លោកនៅឯណេះគឺរងចាំតែការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្តទេ។

ជុំវិញករណីខាងលើនេះ បណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបកស្រាយពីលោក ញឹក គង្គា ប្រធានទំនាក់ទំនង, លោកអធិការស្រុកភ្នំព្រឹក, និងលោកអភិបាលស្រុកភ្នំព្រឹកបាននោះទេ ព្រោះពុំមានលេខទូរស័ព្ទដែលអាចធ្វើការទំនងបាន។

អង្គភាពសារព័ត៌មាន The Mirror News នៅរងចាំការបកស្រាយ បំភ្លឺ ពាក់ព័ន្ធករណីខាងលើ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ 017699677 សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង