ទ្រាំនឹងទង្វើអយុត្តិធម៌របស់អាជ្ញាធរភូមិនិងកូនស្រីចិត្តតិរច្ឆាន អកត្តញ្ញូ លែងបាន លោកយាយអាយុ៨០ឆ្នាំម្នាក់ឈ្មោះ កង ស៊ឺន សម្រេចដាក់ពាក្យប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ទៅចៅសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ ដោយសារតែទ្រាំនឹងទង្វើអយុត្តិធម៌របស់អាជ្ញាធរភូមិដែលបានឃុបឃិតគ្នាជាកូនស្រីបង្កើតមានចិត្តតិរច្ឆាន អកត្តញ្ញូ និងយំឡើងខ្សោះទឹកភ្នែក លោកយាយអាយុ៨០ឆ្នាំម្នាក់ឈ្មោះ កង ស៊ឺន បច្ចុប្បន្ននៅផ្លូវជាតិលេខ២ ភូមិក្រាំស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ដែលបានធ្វើឯកសារបញ្ជាក់ប្រវត្តិដីក្លែងក្លាយឱ្យទៅកូនស្រីលោកយាយឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច ដើម្បីយកដីលោកយាយ និងបណ្តេញលោកយាយចេញពីផ្ទះ ទៅកាន់លោកចៅសង្កាត់ព្រែកកំពឹសឲ្យជួយដោះស្រាយដោយមានប្រថាប់ត្រាមេធាវីទៀតផង។ នេះបើតាមពាក្យបណ្តឹងរបស់លោកយាយ កង ស៊ឺន ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបបានទទួលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពាក្យបណ្តឹង លោកយាយ កង ស៊ឺន បាន ជម្រាបជូនលោកចៅសង្កាត់ព្រែកកំពឹសថា អតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម បានឃុបឃិតជាមួយកូនស្រីនាងខ្ញុំឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច ក្លែងបន្លំធ្វើបញ្ជាក់ប្រវត្តិដីទំហំប្រមាណ ០២ហិកតា (បានលក់រួចហើយ) និងដីផ្ទះមានទំហំ ៥១០ ម៉ែត្រការ៉េ ដែលដីស្រែ និងដីផ្ទះជាកម្មសិទិ្ធរបស់លោកយាយឈ្មោះ កង ស៊ឺន និងប្តីឈ្មោះ គិន ម៉ៅ (ប្តីបានមរណៈភាពហើយ) ដែលត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ម៉ៅ សារី ។ លិខិតបញ្ជាក់ប្រវត្តិដីលេខ០៤៤/២០២០ លប ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានធ្វើជាន់ពីលើបង្កាន់ដៃដី ចុះថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៩០។ លិខិតបញ្ជាក់ប្រវត្តិដីលេខ ០៤៤/២០២០ លប ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានខ្លឹមសារក្លែងបន្លំ និងភូតកុហកថា ឈ្មោះ ម៉ៅ សារី និងប្តីឈ្មោះ ស៊ិន ថាច បានគ្រប់គ្រងធ្វើផ្ទះនៅលើដីនេះតាំងពីឆ្នាំ១៩៧៩ ដែលការពិតនៅក្នុងឆ្នាំ១៩៧៩ កូនស្រីឈ្មោះ ម៉ៅ សារី ទើបតែមានអាយុ ១២ ឆ្នាំតែប៉ុណ្ណោះ ហើយកូនប្រសារឈ្មោះ ស៊ិន ថាច ទើបតែមានអាយុ ៨ ឆ្នាំតែប៉ុណ្ណោះ ហើយអ្នកទាំងពីរមិនទាន់រៀបការនោះទេ។ ម្យ៉ាងវិញទៀត ក្នុងខ្លឹមសារលិខិតបញ្ជាក់ប្រវត្តិដីខាងលើនេះ បានកុហកថា មិនមានបង្កាន់ដៃកាន់កាប់ដីនោះទេ ដែលនេះជាការបំភ្លើសខុសពីការពិត ព្រោះថា ដីផ្ទះនេះ មានបង្កាន់ដៃដី ចុះថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៩០ ដែលដាក់ឈ្មោះ គិន ម៉ៅ ជាប្តីរបស់លោកយាយ។

លោកយាយ កង ស៊ឺន បានបន្តថា កន្លងទៅដោយសារមិនទុកចិត្តកូនអកតញ្ញូ ឈ្មោះ ម៉ៅ សារី ទើបលោកយាយបានយកឯកសារដីទាំងអស់ដែលមានទៅផ្ញើរនឹងលោកមេភូមិឈ្មោះ កឹម ឈឹម ប៉ុន្តែដឹងអីចំមេភូមិចិត្តចោរតិរច្ឆាន បានឃុបឃិតជាមួយកូនអកតញ្ញូលួចលក់ដី០២ ហិកតា បានលុយជាង ២លាន ដុល្លារ។ កូនស្រីនិងកូនប្រសារបានធ្វើទុក្ខបុកម្នេញមកលើលោកយាយជាម្តាយចាស់ជរា ដូចជាបង្អត់អាហារ/ផ្តល់អាហារមិនគ្រប់គ្រាន់ មិនមានលុយជាប់ខ្លួន ពេលឈឺថ្កាត់មិនមើល និងមិនយកទៅពេទ្យ រួមទាំងប្រើសម្តីធ្ងន់ៗឱ្យឈឺចាប់ និងសកម្មភាពអាក្រក់ៗជាច្រើនផ្សេងទៀត ក្នុងចេតនាធ្វើបាបផ្លូវចិត្តលោកយាយ និងធ្វើឱ្យសុខភាពចុះខ្សោយ ដែលជាការបង្ខំឱ្យលោកយាយចាកចេញពីផ្ទះ និងរហូតដល់លោកយាយពុំអាចទ្រាំរស់នៅជាមួយបាន ក៏ទៅរស់នៅក្នុងផ្ទះជាមួយប្អូនស្រីបង្កើតឈ្មោះ សួង ពៅ ។

លោកយាយ កង ស៊ឺន បានបញ្ជាក់ថា បច្ចុប្បន្នលោកយាយរស់នៅជាមួយប្អូនស្រីបង្កើត ដែលមានជីវភាពខ្វះខាតផងដែរ ចំណែកកូនប្រុសបង្កើតរបស់លោកយាយឈ្មោះ ម៉ៅ សារ៉ន ពិការជើង ក៏មិនមានជីវភាពធូរធា ហើយមានបន្ទុកចិញ្ចិមកូនផងដែរ។

ទន្ទឹមគ្នានោះ លោកយាយ កង ស៊ឺន ក៏បានសំណូមពរលោកចៅសង្កាត់ព្រែកកំពឹសជួយអន្តរាគមន៍ដោះស្រាយករណីវិវាទនេះ ដោយផ្តល់ភាពយុត្តិធម៌ដល់លោកយាយជាមនុស្សចាស់ជរាដោយសេក្តីអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង