នយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ បានអូសបន្លាយជាច្រើនទសវត្សរ៍

កណ្តាល៖ «នយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនៅទីក្រុងនិងជនបទប្រកបដោយចីរភាព និងសមធម៌ ស្របពេលដែលប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ និងមានជីវភាពរស់នៅកាន់តែសមរម្យ ព្រមទាំងរស់នៅដោយភាពសុខដុមរមនា។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម»

នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តស្វាយជ្រំនិងសមិទ្ធផលនានាក្នុងសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា មនុញ្ញផលនៃការអភិវឌ្ឍដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់សព្វថ្ងៃនេះ កើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាននាំមកជូនប្រទេស និងប្រជាជាតិយើងនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងបន្តដឹកនាំអភិវឌ្ឍប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនាដូចបច្ចុប្បន្ន។

ឯកឧត្តមអគ្គបណ្ឌិតបានបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ក្រុងអរិយក្សត្រ ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព ផាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលបាននឹងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលទាំងអស់នេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានអំពាវនាវសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីចូលរួមអនុវត្តនូវសិទ្ធិពលរដ្ឋ ក៏ដូចជាចូលរួមការពារសុខសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

បើតាមលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឲ្យដឹងថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពិធីនេះរួមមាន៖ ទី១.សមិទ្ធផលក្នុងវត្តស្វាយជ្រំ៖ សាលាធម្មសភាថ្មី ១ខ្នង ចំណាយថវិកាចំនួន ១ ២៥០ ៣០០$ និងការក្រាលម៉ាប, របងវត្ត, ផ្ទះបាយ, ការជួសជុលកុដិឈើ, ការជួសជុលសាលាឆាន់, ការជួសជុល និងរៀបចំបណ្ណាល័យ, បន្ទប់ទឹក និងបច្ចកុដិ, កុដិថ្មីសម្រាប់ព្រះសង្ឃស្នាក់នៅ, ការរៀបចំសួនច្បារខាងមុខវត្ត, ជាវគ្រឿងសង្ហារឹមដាក់វត្ត ចំណាយថវិកាសរុបចំនួន ៤៧៨ ៣៣០$។ សរុបថវិកាចំណាយចំនួន ១ ៧២៨ ៦៣០$។ និងទី២.សមិទ្ធផលក្នុងសង្កាត់ស្វាយជ្រំ៖ ការជួសជុលផ្លូវលំ, ការសាងសង់ប្រព័ន្ធលូរំដោះទឹកធម្មជាតិ, ការឧបត្ថម្ភអំពូលសូឡា, ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាសង្កាត់ស្វាយជ្រំ, ការឧបត្ថម្ភថវិកាជូនដល់សិស្សានុសិស្ស, ការរៀបចំ និងចូលរួមបច្ច័យបុណ្យនានា, ការឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឬជួបទុក្ខលំបាក ដែលថវិកាចំណាយទាំងអស់សរុបចំនួន ២១០ ៤៦០$ និង ២២៨ ៨២៤ ៨០០៛ ព្រមទាំងអង្ករចំនួន ៤ ៧៥០គ.ក៕

អត្ថបទដែលជាប់ទាក់ទង