ឧកញ៉ាម្នាក់និងអ្នកញៀនល្បែងបៀរអុងឌូជាច្រើននាក់ទៀតបានកំពុងអង្គុយលេងស៊ីសងលុយរាប់ពាន់ដុល្លារក្នុងបុរីអ័រគីដេនៅខណ្ឌសែនសុខ(មានVideo)
ភ្នំពេញ៖ មានឧកញ៉ាម្នាក់និងក្រុមអ្នកញៀនល្បែងបៀរអុងឌូជាច្រើននាក់ទៀតបាននាំគ្នាកំពុងសម្ងំលេងស៊ីសងភ្នាល់ដាក់លុយរាប់ពាន់ដុល្លារក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ (ផ្លូវរំចង់) ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ ម៉ាប់ ជាមេល្បែងដ៏ល្បីល្បាញបានកំពុងដំណើរការយ៉ាងរលូន ដោយពុំទាន់មានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ បើទោះជាមានគេធ្លាប់ធ្វើសេចក្តីរាយការណ៍ ជូនទៅសមត្ថកិច្ចពាក់ព័ន្ធជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។
ចំពោះទីតាំងខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០ម៉ឺនរៀលឡើងទៅ ដោយអនុញ្ញាតឲ្យអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើមធ្យោបាយ ជិះ PassApp ចូលមកវិញ។ ធ្វើបែបនេះ ដើម្បីជាការបន្លំភ្នែកសមត្ថកិច្ច និងមើលទៅហាក់ដូចជាស្ងប់ស្ងាត់ណាស់ ប៉ុន្តែខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយ។ ចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។
ទាក់ទិនលេងល្បែងស៊ីសងនេះដែរ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ដោយក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
ពាក់ព័ន្ធករណីទីតាំងល្បែងស៊ីសងខាងលើនេះ មហាជនសូមអំពាវនាវដល់អាជ្ញាធរក្រុងភ្នំពេញ សុំមានវិធានការផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងដ៏ធំខាងលើនេះផង៕ ដោយ៖ ការីនិពន្ធ