ល្បែងបាញ់ត្រីនិងល្បែងផ្សេងៗទៀត ប្រភេទកាស៊ីណូ យីហោ ចូស្នូកឃឺ ក្នុងសង្កាត់ទន្លេបាសាក់អាជ្ញាធរមិនទាន់ចុះបង្ក្រាប
ភ្នំពេញ៖ បនល្បែងស៊ីសងនៅក្នុងផ្សារចិនមួយកន្លែងលួចបង្កប់ល្បែងស៊ីសងជាច្រើនប្រភេទមាន យីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងលួចបើកដំណើរការលេងល្បែងជាយូយារមកហើយ រហូតមកដល់ពេលនេះ គេមិនទាបើឃើញអាជ្ញាធរខណ្ឌចំការមនមានចំណាត់ការចុះបង្ក្រាបនៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពាក់ព័ន្ធ នឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រភពបានបន្តថា កន្លងមកលោកអភិបាលខណ្ឌចំការមនតែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌចំការមនចុះបង្ក្រាបល្បែងស៊ីសង និងហាមមិនឲ្យមានបង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ប៉ុន្តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើមបើកលេងល្បែងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមន។ ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើគឺកំពុងតែផ្គើននិងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ឬមួយក៏បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមន មិនហ៊ានបង្ក្រាប?។ គេឃើញមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាមពីក្រុមសន្តិសុខយកចិត្តទុកដាក់ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
ប្រភពបន្តថា បនល្បែងខាងលើនេះ គេឃើញមានដូចជា ស្នូកឃ័រ ល្បែងបាញ់ត្រី និងល្បែងផ្សេងជាប្រភេទល្បែងកាស៊ីណូ លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៕ ដោយ៖ ការីនិពន្ធ