ក្រឡាបញ្ជីនៅសាលាដំបូងខេត្តតាកែវបានស្លាប់ហើយ បន្ទាប់ពីជិះម៉ូតូទៅបុករបាំងថ្មពេញទំហឹងនៅចាក់អង្រែក្រោម

ភ្នំពេញ៖ ក្រឡាបញ្ជីនៅសាលាដំបូងខេត្តតាកែវម្នាក់បានស្លាប់បាត់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មទ្រូងផ្លូវពេញទំហឹង ខ្ទាតដួលអូសជាច្រេីនម៉ែត្របោកនឹងថ្នល់បណ្ដាលឲ្យបែកឈាមពេញមុខបាក់ដៃនិងបាក់ជេីង។ នេះបើតាមប្រភពព័ត៌មានដែលទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះជិះម៉ូតូ PCX ពណ៌ ស ពាក់ស្លាកលេខកណ្ដាល​ 1AI-0528បើកបរក្នុងល្បឿនលឿន។

ប្រភពបន្តទៀតថា ហេតុការណ៍នេះ ស្ថិតនៅលេីផ្លូវជាតិលេខ២ ត្រង់ចំណុចមុខអតីតដេប៉ូខ្សាច់ ខាងជេីងសាលាបឋមសិក្សាភូមិ៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២៣នេះ។

ចំណែកម៉ូតូរបស់សពជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ទាក់ទងទៅជំនាញ​ចរាចរណ៍ជេីងគោក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីល​ និងយកទៅរក្សាទុករងចាំធ្វេីបន្តតាមជំនាញ​។

គួរជម្រាបជូនថា ឈ្មោះសពជនរងគ្រោះបណ្ដាញសារព័ត៌មានយើងនៅមិនទាន់ទទួលបាននៅឡើយ ប៉ុន្តែមានគេប្រាប់ថាជនរងគ្រោះជាក្រឡាបញ្ជីនៅតុលាការខេត្តតាកែវបាន​ទទួល​មរណៈ​ភាព​នៅក្នុងមន្ទីរពេទ្យ ហើយសពត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី នៅភូមិ​អរិយក្សត្រ​ ឃុំអរិយក្សត្រ​ ស្រុកល្វាឯម​ ខេត្ត​កណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង