សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រ​មួយក្លាយទៅជាសហគមន៍សុខសាន្តមួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រ​មួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដូច្នេះទាំងកម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។ ពាក់ព័ន្ធនឹងជំងឺអេដស៍នេះ ផងដែរ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។ដូច្នេះ សម្តេចតេជោបានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួន​ និងត្រូវមានវិធានការការពារពីជំងឺអេដស៍នេះឲ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​​បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នាឱកាសនោះ សម្តេចតេជោពិតជារីករាយដែលបានមកជួបក្មួយៗកម្មករ កម្មការិនីរោងចក្រដែលមកពីខេត្តកណ្តាល និងភ្នំពេញនាថ្ងៃនេះ។ សម្តេចបន្តថា គោលនយោបាយគាំពារកម្មករ កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នៅឆ្នាំ២០២១-២០២៣ ក្នុងពេលដែលយើងជួបនូវវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យ​សង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យ​ឡើងថ្លៃនូវ​មុខទំនិញនានា និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា បញ្ហាទឹក និងភ្លើងជាដើម។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចុះជួបជាមួយបងប្អូនកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថាតើសម្រេចបានដល់កម្រិតណាខ្លះហើយ។សម្តេចបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ក​លក្ខណៈងាយស្រួល​យ៉ាងខ្លាំងដល់ថៅកែរោងចក្រនានា តាមរយៈការប្រើប្រាស់រូបីយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនបងប្អូនកម្មករបាន ដែលនេះជាផ្នែកមូយដ៏សំខាន់ក្នុងការជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មានជនមួយក្រុម ដែលកំពុងមាន​ទោសក្បត់ជាតិនៅកម្ពុជាផងនោះ បានដើរអំពាវនាវដល់អន្តរជាតិ កុំមកបណ្តាក់​ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្មកម្ពុជាជាដើម ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ។

ទន្ទឹមគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង បំផុតនៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ កម្មការិនីផងដែរ។បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង។ សម្តេចតេជោបានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង