វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជាបន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន
ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជា បន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំ នៅមូលដ្ឋាន ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ។
លោក ង៉ែត សំអឿន នាយកសាលាបឋមសិក្សាអង្គកំនប់បានថ្លែងអំណរគុណដល់ស្ថានទូតចិន សង្គមស៊ីវិលចិនដែលជាពិសេសមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ តាមរយៈឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានប្រែក្លាយសាលាបឋមសិក្សាអង្គកំនប់ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុមារប្រកបដោយគុណភាពខ្ពស់ដោយបានផ្តល់ជំនួយទាំងស្រុងក្នុងការសាងសង់ «អគារសិក្សា កម្ពុជា-ចិន មិត្តភក្តិនៅលើផ្លូវសូត្រ»កម្ពស់២ជាន់មាន១២បន្ទប់ និងបានជួយកែលម្អសោភណភាព រៀបចំបណ្តាញទឹកស្អាត ធ្វើទំនើបកម្មបណ្ណាល័យនិងសម្ភារៈអេឡិចត្រូនិក ហើយតែងបានផ្តល់អំណោយជាកញ្ចប់សម្ភារៈសិក្សានៅរៀងរាល់ឆ្នាំសិក្សាដើម្បីជាការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់សិស្សានុសិស្សតាមរយៈការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់សិស្សានុសិស្ស។
លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ ទៅកាន់គណៈគ្រប់គ្រង និងសិស្សានុសិស្សចំនួន៦៥រូបថា សិស្សានុសិស្សគឺជាអនាគតរបស់ប្រទេសជាតិកម្ពុជា និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ សង្ឃឹមថាក្មួយៗទាំងអស់គ្នានឹងថ្នាក់ថ្នមនូវជីវភាពដ៏រីករាយដែលទទួលបានដោយមិនងាយ ខិតខំរៀនដើម្បីទទួលបានចំណេះដឹង និងកសាងសមត្ថភាពកាន់តែប្រសើរ បង្កើតឧត្តមគតិខ្ពង់ខ្ពស់ បន្សល់នូវចរិតថ្លៃថ្នូរ និងខិតខំប្រែក្លាយខ្លួនជាសសរស្តម្ភដល់ការអភិវឌ្ឍជាតិ។
លោក ទីប្រឹក្សាបានបន្ថែមទៀតថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយសំរាប់ ឆ្នាំនេះគឺជាខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសម្រេចផ្តល់អំណោយកីឡាបាល់បោះ បាល់ទាត់ ប្រដាប់វាយសី សម្ភារៈកីឡា និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់សាលាបឋមសិក្សាអង្គកំនប់ សង្ឃឹមថា អំណោយទាំងនេះនឹងអាចផ្តល់ប្រយោជន៍ក្នុងការពង្រឹង និងចូលរួមកែលម្អជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដោយផ្តោតជាសំខាន់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តអគារសិក្សា សម្ភារៈឧបទ្ទេស និងការធ្វើទំនើបកម្មសម្ភារៈអេឡិចត្រូនិក ហើយជាពិសេសថ្ងៃនេះបាននាំយកនូវអំណោយនិងការសួរសុខទុក្ខពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការចូលរួមសាងសង់អគារសិក្សា ការបំពាក់សម្ភារៈអេឡិចត្រូនិក ការកែលម្អបរិស្ថាននៅក្នុងសាលាបឋមសិក្សាអង្គកំនប់ ក៏ដូចជាបណ្តាសាលារៀនមួយចំនួនទៀតនៅក្នុងឃុំដូងនិយាយដោយឡែក និងនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជានិយាយរួម៕