ឈ្លោះគ្នាក្នុងវង់ផឹកស៊ីឈានដល់ការទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈលោកស្នងការខេត្តព្រៃវែងថា ករណីនេះក៏ឃាត់បាន កំពុងធ្វើសំណុំរឿង!


ព្រៃវែង៖ ឈ្លោះគ្នាក្នុងវង់ផឹកស៊ីឈានដល់ការទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចផ្ទះឈ្មោះ ឆោម គីមហេង ភេទស្រី អាយុ៦៨ឆ្នាំ ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នេះបើតាមប្រភពដែលភ្នាក់ងារសារព័ត៌មាន The Mirror News ប្រចាំខេត្តព្រៃវែងទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពថាសពជនរងគ្រោះឈ្មោះ កែវ មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានពីប៉ូលិសមូលដ្ឋាននៅក្នុងខេត្តព្រៃវែងបានឲ្យដឹងថាកាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣យប់ ឈ្មោះ ឆោម សុភ័ក្រ និងឈ្មោះ កែវ មករា បានផឹកសុីមានការទំនាស់ពាក្យសំដីគ្នា បណ្តាលឲ្យជនសង្ស័យខឹងក៏ប្រតប់ប្រតាយ បានទាញយកកាំបិតចិត្តបន្លែមកចាក់ចំក របស់ឈ្មោះ កែវ មករា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ទាក់ទិនការចាក់សម្លាប់គ្នាឆៅៗក្នុងវង់ផឹកស៊ីខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងបានប្រាប់បណ្ដាញសារព័ត៌មាន The Mirror News តាមបណ្ដាញ Telegram នៅថ្ងៃនេះថា ករណីនេះក៏ឃាត់បាន កំពុងធ្វើសំណុំរឿង។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿងតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង