អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ការណ៍ដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ាឡើងផ្សារភាគហ៊ុនបាន ដោយសារតែកត្តាសន្តិភាពបានបង្កឱកាសងាយស្រួលដល់ការវិនិយោគ
ភ្នំពេញ៖ «នៅពេលផ្សារមូលបត្រមួយនេះរីកចម្រើន ចំណូលអកម្មនឹងត្រូវបានកើតឡើង សម្រាប់ប្រជាជនរាប់សែននាក់។ ផ្សារមូលបត្រកម្ពុជា គឺជាប្រភពហិរញ្ញប្បទានថ្មីមួយទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានសក្តានុពល និងមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការកៀរគរទុនពីសាធារណជនទៅប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្ម បន្ថែមពីលើប្រភពទុនដែលមានស្រាប់។ ការធ្វើពិពិធកម្មនេះ មិនត្រឹមតែបានផ្ដល់ទុន សម្រាប់ជួយជម្រុញការលូតលាស់អាជីវកម្មប៉ុណ្ណោះទេ តែថែមទាំងបង្កើនកិត្យានុភាពរបស់ក្រុមហ៊ុន និងជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្តកាន់តែខ្លាំងពីវិនិយោគិននិងអតិថិជន ក៏ដូចជា ផ្ដល់នូវការលើកទឹកចិត្តផ្នែកពន្ធផងដែរ»។នេះជាការបញ្ជាក់របស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) ក្នុងពិធីចុះបញ្ជីលក់មូលបត្រកមមសិទ្ធិជាផ្លូការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះ «យើងរំពឹងថា ទីផ្សាររបស់យើងនឹងកាន់តែរីកចម្រើន។ ទីផ្សាររបស់យើង នឹងមានលុយកាក់។ នៅពេលទីផ្សាររបស់យើងរីកចម្រើន យើងនឹងអាចបង្កើតប្រភពចំណូលអកម្មមួយ សម្រាប់ប្រជាជនរាប់ម៉ឺន រាប់សែននាក់ នាពេលអនាគត។ ឯកឧត្តមបន្តថា យើងនឹងអាចបង្កើតប្រភពទុនមួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន ដែលមានសក្តានុពលដែលកៀរគរទុនបានរាប់រយរាប់ពាន់ដុល្លារ នាពេលអនាគត។ នៅពេលដែលទីផ្សារមូលបត្ររបស់យើង មានការរីកចម្រើន យើងអាចបង្កើតការងាររាប់ពាន់រាប់ម៉ឺនរាប់សែនកន្លែងសម្រាប់យុវជនយើង»។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ទៀតថា នៅពេលទីផ្សារមូលបត្រយើងរីកចម្រើន យើងអាចជួយជ្រោមជ្រែងវិស័យដទៃរបស់យើង ឲ្យមានការរីកចម្រើនដែរ។ នៅពេលដែលទីផ្សារមូលបត្រ រីកចម្រើននោះ លោកក៏រំពឹងថា អាចបង្កើតអ្នកមានរបស់កម្ពុជា មានចំនួនច្រើនដូចគ្នា។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៩ ដែលរួមមានក្រុមហ៊ុនចំនួន១០ បានចុះបញ្ជីជាភាគហ៊ុន (៨ក្រុមហ៊ុននៅទីផ្សារគោល និង ២ក្រុមហ៊ុនទីផ្សារកំណើន) ក្រុមហ៊ុនទាំង១០ ប្រមូលទុនពីទីផ្សារសរុបប្រមាណជា ១២៤លានដុល្លារអាមេរិក និង ៩ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម បើរាប់បញ្ចូលទាំងសញ្ញាបណ្ណបំណុលសរុបប្រមាណជា ៣២៣.៥ លានដុល្លារអាមេរិក។
នាឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា ការណ៍ដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡើងផ្សារភាគហ៊ុនបាន ដោយសារតែកត្តាសន្តិភាព ដែលបង្កឱកាសងាយស្រួលដល់ការវិនិយោគ។
អ្នកឧកញ៉ាបានសម្តែងក្តីរីករាយ ដែលឃើញការធ្វើបរិវិសកម្មសម្រាប់ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង របស់ក្រុមហ៊ុនលោក ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានធ្វើបរិវិសកម្មមានចំនួនសរុប ៩.៩៦៦.១២៧ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២.២៩៧ នាក់។
ការឡើងផ្សារហ៊ុន ក៏ដោយសារអ្នកឧកញ៉ា គួច ម៉េងលី មានបំណងពង្រីកសាលាឲ្យដល់ ១៦០សាខាទូទាំងប្រទេស ខណៈបច្ចុប្បន្នមាន១៥សាខា៕