ក្រសួងសាធារណការគ្រោងពង្រីកឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនបន្ថែមទៀតនៅក្នុងផ្សារទំនើបនៅតាមបណ្តាខេត្តផ្សេងៗ
ភ្នំពេញ៖ «ក្រសួងសាធារណការគ្រោងពង្រីកឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនបន្ថែមទៀតនៅក្នុងផ្សារទំនើបនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ»។ នេះជាថ្លែងបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មណ្ឌលផ្តល់សេវាសាធារណៈ» ថ្មីមួយទៀតនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
បើតាមឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈបានបញ្ជាក់ថា មណ្ឌលផ្តល់សេវានេះនឹងបើកឱ្យដំណើរការ ១សប្តាហ៍ពេញតែម្តងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ ដោយមណ្ឌលនេះនឹងផ្តល់សេវាដូចជា ប្តូរពន្យារបណ្ណបើកបរយានយន្ត ដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ បំពាក់ឧបករណ៍ ETC លើយានយន្ត និងលតាបត្រអនុញ្ញាតទោចក្រយានយន្ត ៥០០CC ឬ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានប្រាប់ឱ្យដឹងថា រាល់ការផ្តល់សេវាសាធារណៈទាំងនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ១០០ភាគរយ ដែលអាចឱ្យពលរដ្ឋអាចបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញុវត្ថុដៃគូចំនួន១២ គឺធនាគារ ACLEDA WING LYHOUR ABA PIPAY CHIPMONG VATTANAC STABANA FTB PRINCE CAMPU និងធនាគារ CANADIA។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងផ្សារទំនើបអ៊ីអន៣ជាន់ទី១នេះ គឺជាមណ្ឌលផ្តល់សេវាសាធារណៈទី៧ហើយដែលកន្លងៗមាននៅក្នុងផ្សារទំនើបផ្សេងៗនៅទីក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ។
ឯកឧត្តមបានបន្តថា ការបង្កើនមណ្ឌលផ្តល់សេវាសាធារណៈនៅក្នុងផ្សារទំនើបអ៊ីអន៣នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចមកទទួលសេវាសាធារណៈនេះប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស និងមានតម្លាភាព។ ជាមួយគ្នានេះពលរដ្ឋក៏អាចមកទទួលសេវានេះ និងអាចឆ្លៀតដើរទិញអីវ៉ាន់នៅក្នុងផ្សារទំនើបនេះផងដែរ។
ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំពលរដ្ឋកុំធ្វើសេវាសាធារណៈក្រសួងសាធារណការផ្សេងៗ តាមរយៈឈ្មួញកណ្តាលឱ្យរត់ការឯកសារ ពោលពលរដ្ឋគួរតែអញ្ជើញមកធ្វើសេវាសាធារណៈនេះដោយខ្លួនឯងនៅតាមមណ្ឌលផ្តល់សេវាសាធារណៈនានាដែលមាននៅក្នុងផ្សារទំនើបផ្សេងៗក្នុងក្រុងភ្នំពេញឬតាមទីតាំងដទៃទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងទៀតថា ទន្ទឹមនឹងការពង្រីកមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងក៏នឹងបានរៀបចំកម្មវិធី Mobile App ថ្មីឈ្មោះថា MPWT Public Service Tracking សម្រាប់ឱ្យពលរដ្ឋអាចតាមដានពាក្យស្នើសុំសេវាសាធារណៈដោយសេ្កន QR Code ឬវាលេខវិក្កយបត្រនោះកម្មវិធី Mobile App នឹងប្រាប់អំពីស្ថានភាពថាតើពាក្យស្នើសុំនេះដំណើរការដល់ពេលណា ហើយពេលណាអាចទទួលបានពាក្យស្នើសុំសេវានោះ។ឯកឧត្តមបន្តថា៖«ធ្វើម៉េចយកសេវានេះឱ្យកៀកប្រជាពលរដ្ឋយើងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់យើង។ នេះជាអនុសាសន៍របស់សម្តេច ថាយើងត្រូវបម្រើរាស្ត្រ ក្នុងន័យបម្រើរាស្ត្រ គឺជាការគិតគូរឈ្វេងយល់ថាត្រូវធ្វើដូចម្តេចបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ធ្វើឱ្យបានលឿន ហើយធ្វើកុំឱ្យចំណាយក្រៅផ្លូវការ»៕