ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាលើកទី១ ជនពិការភ្នែកទាំងសងខាង កាន់តួនាទី តំណែងធំក្នុងជួររដ្ឋាភិបាល ជាអនុរដ្ឋលេខាធិការ
ភ្នំពេញ៖ នេះគឺជាលើកទី១ហើយនិងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានជនពិការភ្នែកសងខាងកាន់តួនាទី តំណែងធំក្នុងជួររដ្ឋាភិបាលត្រូវបានព្រះមហាក្សត្រតាមរយៈការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលើហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ចាប តូ ដែលត្រូវបានគេដឹងថាជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានធ្វើសកម្មភាពច្រើនក្នុងការចូលរួមលើកស្ទួយជីវភាពរស់នៅ ក៏ដូចជាសម្លេងរបស់ជនពិការនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការយកចិត្តទុកដាក់ជាខ្លាំងទៅដល់ជនមានពិការភាព។ ច្បាប់បទដ្ឋានគតិយុត្តជាច្រើនត្រូវបានបង្កើតឡើង ដើម្បីគាំពារជនមានពិការភាពនិងកំពុងតែបង្កើនបរិយាកាសងាយស្រួលទៅដល់ជនមានពិការភាពនៅក្នុងការរស់នៅផងដែរ។លើសពីនេះទៀតជនមានពិការភាពកាន់តែច្រើនត្រូវបានលើកទឹកចិត្តទាំងនៅក្នុងវិស័យឯកជននិងនៅក្នុងស្ថាប័នរដ្ឋ។
ឯកឧត្តម ចាប តូ កើតនៅខែសីហា ឆ្នាំ១៩៩៣ គឺជាកូនកសិករនៅក្នុងខេត្តស្វាយរៀង ឯកឧត្តមគឺជាជនមានពិការភាពភ្នែកទាំងសងខាង និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅឆ្នាំ២០១៦។ បច្ចុប្បន្នឯកឧត្ដមគឺជាប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែក ដែលគ្រប់គ្រងដឹកនាំជនមានពិការភាពប្រមាណ ៧០០នាក់៕