សម្ដេចក្រឡាហោម ស ខេង៖ ក្មួយៗទាំងអស់គឺជាឈាមថ្មីដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកចាក់​បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ

ភ្នំពេញ៖ «ក្មួយៗទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់​បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកប​ដោយលក្ខណៈសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។ ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាយ៉ាងដូចនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ និង​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្ត​អនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យ និងសម្រេចបាន​សមិទ្ធផល​ថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀប​ធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងកោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាល​ជាតិ​ភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃ​ការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។ សម្ដេចក្រឡាហោម បានបង្ហាញការចាប់អារម្មណ៍ប្រកប​ដោយមោទន​ភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនា​សម្ព័ន្ធ​រឹង និងហេដ្ឋារចនាសម្ព័ន្ធទន់។

សម្ដេចបន្តថា ក្នុងពេលកន្លងមកថ្មីៗនេះ សម្ដេចបានសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភា និងសាលានគរ​បាលជាតិភូមិភាគមួយចំនួន និងពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបានកសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតប​បានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។ សម្ដេច បានចាត់ទុកស្នាដៃទាំងនេះថាបាន​កើតឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិលើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅ​ក្នុងភាព​សម្បូររុងរឿងប្រកបដោយភាពសុខដុមរមនាក្រោមដំបូលសន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាលបានឱ្យផល​នាពេល​បច្ចុប្បន្ននេះ ហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង ក្មួយៗខិតខំសិក្សារៀនសូត្រ​ហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបានជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នា​ពេលអនាគត»។

ក្នុងក្របខ័ណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានផ្ដោតសំខាន់លើការបណ្ដុះ​បណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្រប​តាមស្តង់ដារគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពីព្រោះធនធានមនុស្សដែល​ទទួលបានពីការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបាន​ដើរតួនាទីយ៉ាងសំខាន់ជារោងចក្រកែច្នៃមនុស្ស ឱ្យមានតម្លៃ និងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល។

ចំណែកសិស្សនគរបាលជ័យលាភីទាំងអស់ សម្ដេចបានផ្ដល់ដំបូន្មានឱ្យចងចាំថា ការសិក្សាស្រាវជ្រាវ ការរៀនសូត្រ និងការធ្វើស្វ័យសិក្សា​តាមគ្រប់រូបភាពនិងគ្រប់ទីកន្លែង គឺជាកាតព្វកិច្ចរបស់ក្មួយៗ ទាំងអស់ ដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានល្អ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងដកស្រង់បទពិសោធល្អៗពីនគរបាលរៀមច្បង ក្នុងគោលដៅធ្វើឱ្យក្មួយៗក្លាយជាធនធានមនុស្សកាន់តែមានតម្លៃ និងមានប្រយោជន៍ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និង​សង្គមជាតិ​ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង