នាយឧត្តមសេនីយ៍ នេត សាវឿន៖ គ្រឹះស្ថានសិក្សាជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការជាចាំបាច់បំផុតសម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ

ព្រៃវែង៖ «គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការជាចាំបាច់បំផុតសម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ ដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសដែលអភិវឌ្ឍន៍ ក្នុងឆាកអន្តរជាតិ»។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ឆ្នាំ២០២៣ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង ៦បន្ទប់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ស្ថិតនៅភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម នេត សាវឿន បានលើកឡើងពីការចូលរួមចំណែកដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ ដោយលោកបានធ្វើការប្រៀបធៀបលោកគ្រូ អ្នកគ្រូ គឺជាបេះដូងនៃការស្ដារ អភិវឌ្ឍន៍ និងជាឆ្អឹងខ្នងនៃវិស័យអប់រំ។ លោកគ្រូ អ្នកគ្រូ បានខិតខំបណ្ដុះបណ្ដាល និងបង្កើតនូវធនធានមនុស្សប្រកបដោយក្រមសីលធម៌ ព្រមទាំងអប់រំកុមារ យុវជនឲ្យមានវិន័យ សីលធម៌ក្នុងសង្គម ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍បានក្រើនរំលឹក និងណែនាំដល់អាណាព្យាបាលត្រូវសហការគ្នាឲ្យបានល្អជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំការពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាងធ្លាក់ចូលអន្ទក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន កុំចង់ដឹង កុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់។
ដោយឡែកពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏មិនភ្លេចណែនាំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរត្រូវប្រកាន់ស្ដាំ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ និងមិនត្រូវបើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅរបស់ខ្លួនមុនចេញពីផ្ទះ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានជំរុញក៏ដូចជាដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវ ត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀន។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលអាចរក្សាបាននូវសុខសន្ដិភាព និងបន្ដការអភិវឌ្ឍ។ លើសពីនេះត្រូវរួមគ្នាថែរក្សាសុខសន្ដិភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ននេះ ដើម្បីបន្ដការអភិវឌ្ឍ។

នៅក្នុងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយក្ដីនឹករលឹក និងយកចិត្តទុកដាក់ជាទីបំផុត ជូនដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ឯកឧត្តមក៏បានលើកឡើងអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពិសេសការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លលកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលទើបបញ្ចប់ទៅនាពេលកន្លងទៅថ្មីៗនេះ ប្រកបដោយមោទនភាពជាតិ ក្រោមដំបូលនៃសុខសន្ដិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លើសពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានប្រកាសឧបត្ថម្ភជូននូវអគារសិក្សាមួយខ្នងមាន៦បន្ទប់ដល់សាលាបឋមសិក្សាថ្លាវ ដែលចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈលោក រស់ ណេង អាជីវករស្រុកស្វាយអន្ទរ។

គួរជម្រាបថា ក្នុងពិធីសម្ពោធនៅថ្ងៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានផ្ដល់ថវិកាជូនសាលាស្រុកកញ្ជ្រៀចចំនួន ១,០០០,០០០រៀល, កងកម្លាំង៣អង្គភាព មួយអង្គភាព ៥០០,០០០រៀល, នគរបាលប៉ុស្តិ៍ (៨ប៉ុស្តិ៍) ក្នុងមួយប៉ុស្ដិ៍ ១០០,០០០រៀល, ប្រជាការពារទូទាំងស្រុក (៣៦៩នាក់) ម្នាក់ ១ម៉ឺនរៀល, គ្រូពេទ្យ (៩នាក់) ម្នាក់ ២ម៉ឺនរៀល, លោកគ្រូ-អ្នកគ្រូ អ្នកដឹកនាំក្រុមយុវជន (១៥នាក់) ម្នាក់ ២ម៉ឺនរៀល, សិស្សានុសិស្ស (១៨២នាក់) ម្នាក់សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ៥ពាន់រៀល, យុវជន៣មុខសញ្ញា (១៥០នាក់) ម្នាក់ ១ម៉ឺនរៀល, តាជី-យាយជី (៥០នាក់) ម្នាក់ថវិកា ១ម៉ឺនរៀល និងក្រណាត់ស១ដុំ៕

អត្ថបទដែលជាប់ទាក់ទង