សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេច ប្រយ័ត្នលានអណ្តាតខ្លួនឯង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេច ប្រយ័ត្នលានអណ្តាតខ្លួនឯង។ នេះជាការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។
នាឱកាសនោះ សម្តេចតេជោបានចោទសួរទៅហ្វេសប៊ុកថា មានបានមើលក្រុមប្រឆាំងប្រមាថសម្តេច ប្រពន្ធ និងកូនសម្តេចដែរទេ?
សម្តេច ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។
ក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងថា បើសម្តេចអាចឈានទៅបិទហ្វេសប៊ុក គឺពួកគេនឹងអស់មធ្យោបាយទាក់ទងនឹងពលរដ្ឋក្នុងស្រុក។សម្តេចអាចនឹងបិទហ្វេសប៊ុក បើក្រុមប្រឆាំងឌឺដងរឿងសម្តេចបិទផេកហ្វេសប៊ុកចោល។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព មិនត្រូវឱ្យពួកប្រតិកិរិយាបំផ្លាញនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ៕