ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការសង្គ្រោះជាតិ និងប្រជាជន
កំពត៖ «គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាពពេញលេញនិងអភិវឌ្ឍកម្ពុជាចេញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ រហូតមកដល់ពេលនេះគ្មានគណបក្សណាមួយអាចមកជំនួស គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបានឡើយ។ ពលរដ្ឋភាគច្រើនលើសលុបបានផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាតាមរយៈការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនរៀងរាល់ការបោះឆ្នោត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្ដម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អំឡុងពេលជួបប្រជុំការងារជាមួយសមាជិកសមាជិកាគណបក្សក្រុងបូកគោដើម្បីពិនិត្យការងារសម្រាប់ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបានបន្តថ្លែងថា ដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាជា សមាជិកសមាជិកាគណបក្សចាំបាច់ត្រូវបង្កើនការធ្វើអំពើល្អនិងខិតខំប្រឹងប្រែងបម្រើជាតិនិងប្រជាជនដោយយកចិត្តទុកដាក់បំផុតព្រោះគណបក្សប្រជាជនកម្ពុជាបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន។
នាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា «កម្ពុជាក្រោមដំបូលសុខសន្តិភាពសម័យតេជោ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានមោទកភាពនិងមានភាពជឿជាក់លើខ្លួនឯង និងជាអ្នកសម្រេចលើជោគវាសជាតិរបស់ខ្លួន។ កិត្យានុភាពជាតិនិងកិត្តិយសនេះបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកនូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍជូនកម្ពុជា»។
ជាមួយគ្នានោះ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្ស និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ អំពើល្អរបស់មន្ត្រីបក្សដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានរឹងមាំរបស់គណបក្ស។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងទៀតថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានការរីកចម្រើនខ្ពស់និងបានកសាងកេរ្តិ៍ឈ្មោះនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះគឺក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីកម្ពុជាថ្មីដល់ពិភពលោក។
ក្នុងពិធីខាងលើ ឯកឧត្តមបានថ្លែងថាក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងនោះក៏រួមមានក្រុងបូកគោ និងស្រុកទឹកឈូ នឹងចុះឃោសនាឱ្យបានគ្រប់ខ្នងផ្ទះនិងចុះតាមទីសាធារណៈនានាដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងអញ្ជើញពលរដ្ឋឱ្យត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណចាំបាច់សម្រាប់ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានលើកឡើងថាការអញ្ជើញទៅបោះឆ្នោតគឺជាពលរដ្ឋល្អ និងបានចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់រវើកកាន់តែខ្លាំង។
ដើម្បីចូលរួមយុទ្ធនាការបោះឆ្នោត ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត ឯកឧត្តម នេត្រ ភក្ត្រា បានឧបត្ថម្ភអាវគណបក្សប្រជាជនកម្ពុជាចំនួន ៣០០០និងមួកគណបក្សប្រជាជនកម្ពុជាចំនួន ៣០០០ ព្រមទាំងសម្ភារមួយចំនួនជូនដល់សង្កាត់បឹងទូក, សង្កាត់កោះតូច, សង្កាត់ព្រែកត្នោតនៃក្រុងបូកគោ, ឃុំម៉ាកប្រាង្គ, ឃុំកំពង់ក្រែង និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នានេះ អ្នកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោក៏បានឧបត្ថម្ភថវិកាចំនួន ១០៤លានរៀលជូនគណៈកម្មាធិការគណបក្សក្រុងបូកគោ និងគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទាំង៣នៃក្រុងបូកគោ៕