ឯកឧត្តម ខៀវ កាញារីទ្ធ៖ព័ត៌មាននាពេលបច្ចុប្បន្ននេះ ជាអាវុធមុខពីរ ជាទំនិញផង ជាអាវុធផង សម័យមុនយើងដើររកព័ត៌មាន តែសម័យនេះ ព័ត៌មានរត់ចូលដល់ក្នុងមុងតែម្តង
ស្ទឹងត្រែង៖ «ការងារព័ត៌មានគឺយើងអាចមិនរំពឹងឲ្យអ្នកឯទៀតយល់ពីកិច្ចការរបស់មន្ទីរព័ត៌មាននោះទេ សំខាន់ត្រូវចុះជាប់ការងារព្រោះយើងជាអ្នកព័ត៌មានមិនមែនចេះអស់នោះទេ។ មន្ទីរព័ត៌មានត្រូវមានកិច្ចសហការជាមួយគ្រប់មន្ទីរជុំវិញខេត្ត និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ព្រោះព័ត៌មាននាពេលបច្ចុប្បន្ននេះ ជាអាវុធមុខពីរ ជាទំនិញផង ជាអាវុធផង សម័យមុនយើងដើររកព័ត៌មាន តែសម័យនេះព័ត៌មានរត់ចូលដល់ក្នុងមុងតែម្តង»។ នេះជាបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីប្រកាសតែងតាំងលោក ស៊ុន ប៊ុនធឿន ជាប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងថ្មី ជំនួសលោក អ៊ុក ធាវី ដែលត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងរួមទាំងប្រតិភូអមដំណើរ អាជ្ញាធរដែនដី ជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់បន្ថែមទៀតថា មន្ទីរព័ត៌មានដែលត្រូវបានជ្រើសកាន់តំណែង ត្រូវមានសមត្ថភាព និងមានប្រជាប្រិយ៍ភាព ហើយជាអ្នកចេះប្រមូលផ្តុំមន្រ្តីទាំងអស់ ធ្វើការងាររួមគ្នាតែមួយទើបជោគជ័យ ព្រោះការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបាននោះទេ ដោយសារការងារព័ត៌មានកាន់តែសុីជម្រៅ។
នាឳកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្ដែងការកោតសរសើរចំពោះលោកអតីតប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ក៏ដូចជាមន្ត្រីចូលនិវត្តន៍ទាំងអស់ និងមន្ត្រីកំពុងបំពេញការងារដែលបានខិតខំ ប្រឹងប្រែងក្នុងការបំពេញភារកិច្ចបានយ៉ាងល្អតាំងពីមន្ទីរនៅខ្វះខាតសម្ភារ បរិក្ខាររហូតធ្វើឲ្យមន្ទីរមានការប្រែប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់។ ដូច្នេះ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការជឿ ជាក់ថា លោក ស៊ុន ប៊ុនធឿន ដែលត្រូវឡើងមកកាន់តំណែងជាប្រធានថ្មី នៃមន្ទីរព័ត៌មានស្ទឹងត្រែង នឹងបន្តបំពេញ កិច្ចការងារព័ត៌មាន និងការអភិវឌ្ឍមន្ទីរធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ដបានថ្លែងថា ការងារព័ត៌មាន ដែលបានបំពេញតួនាទីភារកិច្ចជាសារវន្តក្នុងការរួមចំណែកក្នុងអភិបាលកិច្ចព័ត៌មាន និងផ្សព្វផ្សាយឃោសនាអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះមន្ទីរជំនាញក៏បានរៀបចំឲ្យមានប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរផ្ទាល់ គឺវិទ្យុសេកុង ផ្សាយគ្របដណ្តប់ដល់ព្រំប្រទល់ខេត្តមួយចំនួន ដូចជា ខេត្តក្រចេះ រតនៈគីរី មណ្ឌលគីរី ព្រះវិហា កំពង់ធំជាដើម ហ្វេសបុកផេក ដែលមានឈ្មោះថា ទូរទស្សន៍ស្ទឹងត្រែង និង រៀបចំគេហទំព័រផ្លូវការ។
ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងទាំងអស់ ត្រូវបន្តរួមសហការសាមគ្គីគ្នាឲ្យបានល្អ និងសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធផ្នែកជំនាញ ដើម្បីបំពេញការងារឲ្យបានរលូន ហើយក៏ខិតខំរៀនសូត្របន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងក្នុងការបំពេញភារកិច្ចឲ្យបានជោគជ័យ។ក្នុងពិធីប្រកាសតែងតាំងខាងលើ ឯកឧត្តមក៏បានផ្តល់ជូនដល់មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង នូវកាមេរ៉ាវីដេអូ ១គ្រឿង ម៉ាសុីន១, Laptop ៤គ្រឿង និងថវិកា៥លានរៀលផងដែរ។
គួរជម្រាបជូនថា បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមានមន្ត្រីរាជការ២០នាក់ មន្ត្រីជាប់កិច្ចសន្យា១៤នាក់ មាន៥ការិយាល័យ នៅថ្នាក់ខេត្ត និងមានអគាររដ្ឋបាល មានអគារវិទ្យុ មានអគារទូរទស្សន៍ មានប្រព័ន្ធផ្សព្វផ្សាយ ដូចជាស្ថានីយ៍វិទ្យុ ៦ស្ថានីយ៍ ក្នុងនោះផ្សាយផ្ទាល់៤ស្ថានីយ៍ ផ្សាយបន្ត ២ស្ថានីយ៍ ទូរទស្សន៍ ផ្សាយបន្ត ៣ស្ថានីយ៍ និងទូរទស្សន៍ខ្សែកាប ១ស្ថានីយ៍ ព្រមទាំងមានភ្នាក់ងារសារព័ត៌មានរដ្ឋ និងឯកជនជាច្រើន ដែលកំពុងបំពេញការងារយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន យ៉ាងសម្បូរបែប ដោយរួមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបណ្ដាញទំនាក់ទំនងសង្គម ដែលបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពុង ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងច្រើនទៀតផង៕