ឯកឧត្តម ឈឿន សុចិត្ត អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ និងអបអរពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ ប្រធានគណៈពង្រឹងសង្កាត់ដើមមៀន ឯកឧត្តម ឈឿន សុចិត្ត នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ និងអបអរពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​, ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តក​ណ្តាល​ និងជាប្រធានក្រុមការងារ​គណបក្សចុះ​មូល​ដ្ឋាន​ក្រុង​តាខ្មៅ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

បន្ទាប់ពីបានទស្សនានូវទិដ្ឋភាពទាំងស្រុងនូវប្រសាសន៍ដ៏មានសារសំខាន់ប្រកបដោយអត្ថន័យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្សាយផ្ទាល់ចេញពីមជ្ឈមណ្ឌលកោះពេជ្ររួចមក, ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានសំណេះសំណាល និងថ្លែងទៅកាន់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួមទាំងជាង៦០០០នាក់ថា ថ្ងៃនេះគឺជាខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលធ្វើឱ្យប្រជាជនគ្រប់រូបមានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

ឯកឧត្តមបណ្ឌិតបានបន្តថា ថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា គឺជាថ្ងៃខួបកំណើតរបស់ប្រជាជនកម្ពុជាទាំងមូល ពីព្រោះថា មានគណបក្សប្រជាជនកម្ពុជាទើបយើងទាំងអស់គ្នាបានរួចផុតពីភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ដូច្នេះយើងទាំងអស់គ្នាតាំងចិត្តយ៉ាងមុតមាំថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យ សម្ដេចតេជោ បន្តដឹកនាំប្រទេស និងគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់បណ្ឌិត ហ៊ុន ម៉ាណែត។

មុនពេលដឹកនាំក្បួនដង្ហែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានផ្ដាំផ្ញើឱ្យសមាជិក និងប្រជាពលក្នុងក្រុងតាខ្មៅទាំងអស់ សូមថែទាំងសុខភាពឱ្យល្អ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

 

អត្ថបទដែលជាប់ទាក់ទង