លោកស្នងការ សិទ្ធិ ឡោះ បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញតាមចាប់មុខសញ្ញាជនសង្ស័យបាន៩នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាយ៉ាងម៉ឺតម៉ាត់ឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតចុះស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ ជាមុខសញ្ញាក្មេងទំនើង និងជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រី នៅក្រុងប៉ោយប៉ែត។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពបន្តថា ក្នុងចំណោមជនសង្ស័យបានទាំង០៩នាក់ មាន១នាក់ឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា»។
ប្រភពបានបញ្ជាក់ថា នៅវេលាម៉ោង០០៖២០នាទីយប់រំលងអធ្រាតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់ទៀត ដែលជាបក្ខពួក អង្គុយផឹកទឹកកាធុមជាមួយជនដៃដល់ នៅចំនុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។
ប្រភពឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ពិតជាបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោសគឺបានកាប់យកម៉ូតូ ពិតប្រាកដមែន ចំណែកបក្ខពួកសេសសល់ ដែលបានកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។ ចំពោះជនសង្ស័យ០៨នាក់ផ្សេងទៀត មិនបានចូលរួមប្លន់ទេ តែក្រោយពិនិត្យទឹកនោម រកឃើញថា ពួកគេមានសារធាតុញៀន។
ប្រភពបញ្ជាក់ទៀតថា បន្ទាប់ពីសួរនាំរួចរាល់ ជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕