ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជានាំយកទេយ្យវត្ថុទៅវេរប្រគេនចំពោះព្រះសង្ឃ ដែលគង់នៅទីអារាមចំនួន៣ក្នុងស្រុកកោះធំ
កណ្តាល៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំសមាជិកសមាជិកាក្រុមការងារគណបក្សនាំយកនូវទេយ្យវត្ថុទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់នៅទីអារាមចំនួន៣ ក្នុងស្រុកកោះធំ រួមមាន៖ វត្តព្រែកតាដួង វត្តសំប៉ាន និងវត្តព្រែកស្តី។
គួរជម្រាបជូនថា ការនាំយកនូវទេយ្យវត្ថុទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់នៅទីអារាមចំនួន៣ខាងលើនេះគឺនៅក្នុងថ្ងៃទីពីរ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃឧបោសថសីល ថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនេះ ឯកឧត្តមប្រធានគណៈអចិន្ត្រៃយ៍ក៏បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ១០០០ នាក់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តមានសន្តិភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនបានកាន់តែឆាប់រហ័ស។
គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃសៅរ៍ទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកោះធំ និងក្រុងសំពៅពូន បានដឹកនាំក្បួនមហាជន និងអ្នកគាំទ្រយុវជនប្រមាណ ៣៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅទីលានបាល់ ទាត់ស្រុក កោះធំ។ ក្បួនដង្ហែនេះបានធ្វើដំណើរចេញពីទីលានបាល់ទាត់ស្រុកកោះធំ កាត់តាមផ្លូវជាតិលេខ២១ ឆ្ពោះ ទៅកាន់សង្កាត់សំពៅពូន ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។
គួរជម្រាបជូនបន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយចំនួន១៨ដែល ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសិទ្ធិឃោសនារកសំឡេងឆ្នោត ដោយគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដែលមានសមាជិកសមាជិកាចូលរួមសរុបប្រមាណជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕