លម្អិត៖ ករណីឆេះខារ៉ាអូខេ និងសណ្ឋាគារ «6969 ឃីស» បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ ក្នុងសង្កាត់ផ្សារដេប៉ូទី១
ភ្នំពេញ៖ ខារ៉ាអូខេ និងសណ្ឋាគារយីហោ «6969 ឃីស» អ៉ិនធេីធេនមិន ឯ.ក នៅក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី៥ ក្នុងនោះបានបណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន និងមនុស្សប្រុសស្រី៨នាក់បានស្លាប់ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និហ១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋធ្វេីការរាយការណ៍មកកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យថា មានករណីអគ្គិភ័យកំពុងឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ «6969 ឃីស» អ៉ិនធេីធេនមិន ឯ.ក យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ធ្វេីការចេញជួយអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯកបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលេីនេះ ដោយសារតែស្ថានភាពទីតាំងខារ៉ាអូខេ និងសណ្ឋាគារ មានផលលំបាកជាច្រេីន ក្នុងការជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា កត្តាទាំងនេះបានធ្វើឲ្យមន្ត្រីជំនាញទាំងអស់ពិបាកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ជាក់ស្ដែង ដោយនៅក្នុងរង្វង់ប្រតិបត្តិខាងលើនេះ ដោយសារតែស្ថានភាពខាងក្នុងមានផ្សែងជាតិពុលខ្លាំង ពិបាកក្នុងការចូលជួយសង្គ្រោះមនុស្ស។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចជំនាញនៅតែបន្តខិតខំជួយសង្គ្រោះដែលរ តែដោយសារតែស្ថានភាពខាងក្នុងពិបាក ហេីយកម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់បំពង់ខ្យល់អុកស៊ីសែន ហៅកាត់ថា (SCBA) ក្នុងប្រតិបត្តិការនេះផងដែរ។
លោកបន្តទៀតថា ហេតុការណ៍អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ «6969 ឃីស» អ៉ិនធេីធេនមិន ឯ.ក នៅជាន់ទី៥ ខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន ក្នុងនោះបណ្តាលឲ្យមនុស្សចំនួន០៨នាក់ស្លាប់ ក្នុងនោះប្រុស៦នាក់ ស្រីចំនួន ១នាក់, ភេទទី៣ ចំនួន ២នាក់ ដោយក្នុងនោះជាប្រភេទសំណង់ ថ្មបេតុង ៣០ម៉ែត្រ គណុ ៣០ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៨៨ឡាន ស្មេីរនឹង ៣៥២ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ឡាន ស្មេីរនឹង ២៤ម៉ែត្រគូប, ទីក្រុងជ្រោយចង្វារ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ ១៥ឡាន ស្មេីរនឹង ៦០ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ឡាន ស្មេីរនឹង ១២ម៉ែត្រគូប៕