សម្ដេច ស ខេង អំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។ ការអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នារសៀលថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកឯកភ្នំ សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ និងឃុំទូទាំងស្រុកដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងនិយាយដោយឡែកក្នុងស្រុកឯកភ្នំ ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ក្រៅពីមូលដ្ឋានខេត្តបាត់ដំបង សម្ដេច ក៏នឹងអញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅមណ្ឌលខេត្តព្រៃវែងផងដែរ។ ការឃោសនាបោះឆ្នោតនឹងបន្តរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង