ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨

កណ្តាល៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទីបី នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២០០០នាក់មកពីសង្កាត់សំពៅពូន នៃក្រុងសំពៅពូន និងឃុំព្រែកថ្មី នៃស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ
អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

គួររំលឹកជូនថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំសមាជិកបក្សជាង៣៥០០នាក់ ហែក្បួនរកការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានក្រោមបរិយាកាសយ៉ាងកងរំពងជាខ្លាំង បង្ហាញពីអនុភាពអំណាចនៃគណបក្សប្រជាជន។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប មានចំនួន១៨ ដែលមានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង