ប៉ូលិសបានឃាត់ខ្លួនមនុស្សច្រើនជាង៣,០០០នាក់ ចាប់តាំងពីផ្ទុះកុបកម្មដ៏ហិង្សា នៅបារាំង
អន្តរជាតិ៖ ក្រសួងមហាផ្ទៃបារាំង បានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនមនុស្ស ៧៨នាក់ នៅទូទាំងប្រទេស ក្នុងកុបកម្មតវ៉ាដ៏ហិង្សាដែលបានផ្ទុះឡើងចាប់តាំងពី យុវជនម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
តួលេខមនុស្សដែលត្រូវបានប៉ូលិសបារាំងចាប់ខ្លួន ក្នុងកុបកម្មខាងលើ មានការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃសៅរ៍ ទី១ ខែកក្កដា ដែលមានមនុស្សរហូត ដល់ទៅ ៧១៩នាក់ ត្រូវបានចាប់ខ្លួនក្នុងកុបកម្មឈានចូលយប់ទី៥។ បើតាមប៉ូលិសបារាំង គិតត្រឹមតែថ្ងៃអាទិត្យកន្លងទៅផងដែរ មនុស្សច្រើនជាង ៣,០០០នាក់ហើយ ត្រូវបានចាប់ខ្លួន ចាប់តាំងពីកងកម្លាំងសន្តិសុខបារាំងត្រូវបានដាក់ពង្រាយទ្រង់ទ្រាយធំ។
សូមបញ្ជាក់ថា កុបកម្មដ៏ហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលយុវជន អាយុ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយមិនព្រមឈប់រថយន្តតាមការបង្គាប់។
គួរជម្រាបជូនថា បុណ្យសពយុវជនរូបនោះ ទើបតែត្រូវបាន ប្រារព្ធឡើងកាលពីថ្ងៃសៅរ៍។ ភាពវឹកវរនេះក៏បានបង្ខំឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវផ្អាកគម្រោងបំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ផងដែរ ហើយលោក ម៉ាក្រុង បាននិយាយថា ការស្លាប់របស់យុវជន អាយុ១៧ឆ្នាំនោះ ត្រូវបានប្រើប្រាស់ជាលេស ដើម្បីបង្កអំពើហិង្សានៅក្នុងប្រទេស ហើយលោកបានចាត់ទុកវាថា គឺជាកេងចំណេញផលប្រយោជន៍ មិនអាចទទួលយកបាន លើការស្លាប់របស់រូបគេ៕