បន្ទាប់ពីពលរដ្ឋជាង៤០០គ្រួសារប្ដឹងនៅកំពតដោះស្រាយមិនទាន់ចេញ, ពេលនេះពលរដ្ឋជាង២០០គ្រួសារទៀតបានដាក់ពាក្យប្ដឹង «ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋជាង៤០០គ្រួសារបានដាក់ពាក្យបណ្ដឹង«ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការខេត្តកំពតដែលដោះស្រាយមិនទាន់ចេញផង។ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារបានដាក់ពាក្យប្ដឹង «ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការរាជធានីភ្នំពេញពាក់ព័ន្ធរឿងសន្យាខ្យល់ លក់ដីឡូត៍ឱ្យប្រាក់ចំណេញខ្ពស់ តែចុងក្រោយធ្វើមិនបានតាមសន្យា។

បើយោងតាមការលើកឡើងរបស់ពលរដ្ឋ ដែលបានលើកគ្នាមកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញនៅព្រឹកទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា ពួកគាត់អស់ប្រាក់ ចាប់ពី១០.០០០ដុល្លារទៅ២០.០០០ដុល្លារក្នុង១គ្រួសារ។ពលរដ្ឋបន្តថា ពួកខ្លួនសុទ្ធតែចងការប្រាក់ពីធនាគារទាំងអស់ដើម្បីយកលុយមកប្រគល់ឱ្យ«ក្រុមហ៊ុនពិភពដីមាស» តាមការលួងលោមអូសទាញ ពីសំណាក់អ្នកលក់ដីឡូត៍របស់«ក្រុមហ៊ុនពិភពដីមាស»។

ពលរដ្ឋបញ្ជាក់ទៀតថាៈ«ក្រុមហ៊ុនពិភពដីមាស» មកឆបោកប្រាក់ពីពួកខ្លួនដោយប្រើហេតុផលទិញដីឡូត៍បានប្រាក់ចំណេញខ្ពស់ បានការប្រាក់ច្រើនចុងក្រោយ ប្រាក់ក៏បង់ថង់ក៏ដាច់ ព្រោះលុយដើមក៏អស់ ការប្រាក់ក៏អត់បាន។ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋជាដើមបណ្ដឹង ប្ដឹងទាមទារយកប្រាក់ដើមវិញ។

ជាមួយគ្នានោះ ស្ដ្រីជាដើមបណ្ដឹងម្នាក់បានអះអាងថា ខ្លួននិងគ្រួសារបានចេញពីផ្ទះហើយ ដោយទៅសុំដីគេស្នាក់នៅ ដើម្បីគេចពីធនាគារព្រោះគ្មានលុយបង់។

សូមជម្រាបថា «ក្រុមហ៊ុនពិភពដីមាស» ធ្វើការវិនិយោគខាងអចលនទ្រព្យដីធ្លី ទិញដីពុះឡូត៍លក់ ដែលមានឧកញ៉ា ចេង សង្ហាត់ រួមនិងអ្នកឧកញ៉ា ហ៊ី គឹមហុង ជាអគ្គនាយកក្រុមហ៊ុន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ «ក្រុមហ៊ុនពិភពដីមាស» បានផ្ទុះរឿងអាស្រូវជាច្រើន រហូតពលរដ្ឋជាង៤០០គ្រួសារ ប្ដឹងក្រុមហ៊ុនទៅស្នងការខេត្តកំពត។ហើយបច្ចុប្បន្នស្រាប់តែមានពលរដ្ឋជាង២០០គ្រួសារ ប្ដឹង «ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការរាជធានីភ្នំពេញបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង