ក្រសួងវប្បធម៌អំពាវនាស្ថាប័នមានសមត្ថកិច្ចស្វែងរកជនដែលក្លែងបន្លំលិខិតក្រសួងមកផ្តន្ទាទោសតាមច្បាប់
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវឱ្យសា្ថប័នមានសមត្ថកិច្ចស្វែងរកជនដែលក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈក្លែងក្លាយដើម្បីជាប្រយោជន៍បុគ្គល យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
សំណើដែលក្រសួងវប្បធម៌ស្នើទៅស្ថាប័នមានសមត្ថកិច្ចឱ្យជួយដោះស្រាយលើបញ្ហានេះ ធ្វើឡើងក្រោយពីថ្មីៗនេះមានជនអគតិដែល បានក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈ ដោយប្រកាសថាក្រសួងវប្បធម៌ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ នឹងប្រមូលយកវត្ថុបុរាណពីពលរដ្ឋដែលបានរក្សាទុក យកមកដាក់តម្កល់នៅក្នុងសារមន្ទីរជាតិទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងជាកេរដំណែលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា។
ក្នុងលិខិតក្លែងក្លាយនោះក៏បានប្រកាសថា ក្រសួងវប្បធម៌នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពលរដ្ឋដែលលាក់ និងរក្សាទុកវត្ថុបុរាណទាំងនោះដោយមិនព្រមប្រគល់ឱ្យក្រសួងវប្បធម៌។
ក្រសួងសូមបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិតដែលជនអនាមិកបានផ្សព្វផ្សាយខាងលើនេះ ពោលជាជាលិខិតក្លែងក្លាយ។ ក្រសួងអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕