ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំសមាជិក សមាជិកាឲ្យចុះតាមមូលដ្ឋានភូមិឃុំ-សង្កាត់ដើម្បីពន្យល់ប្រជាពលរដ្ឋពីសមិទ្ធផលនានានិងសមិទ្ធផលថ្មីៗបន្ថែមទៀតដែលរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាបានកសាង

កណ្តាល៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកោះធំនិងក្រុងសំពៅពូនឲ្យចុះតាមមូលដ្ឋានភូមិឃុំ-សង្កាត់ដើម្បីពន្យល់ពីសមិទ្ធផលនានានិងសមិទ្ធផលថ្មីៗបន្ថែមទៀតដែលរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាទើបបានកសាងដូចជា មន្ទីរពេទ្យតេជោសែនកោះធំដែលចំណាយថវិកាសម្រាប់ការសាងសង់និងទិញសម្ភារះ ឧបករណ៍បច្ចេកទេសទំនើបៗអស់ថវិកាជាង១១.២លានដុល្លារដើម្បីថែរក្សាសុខភាពរបស់បងប្អូនអ្នកស្រុកកោះធំ អ្នកក្រុងសំពៅពូន ក៏ដូចអ្នកនៅព្រៃកប្បាស ព្រៃល្វា អ្នកស្រុកលើកលើក និងអ្នកស្អាង ដែលមន្ទីរពេទ្យបានរៀបចំតាមស្តង់ដារដូចនឹងមន្ទីរពេទ្យកាល់ម៉ែត ព្រោះក្រុមការងារគណបក្សប្រជាជនកម្ពុជាយល់ឃើញថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ជាងអ្វីៗទាំងអស់។ ឯកឧត្តមបន្តថា បើយើងមានផ្លូវល្អ ស្ពាន រោងចក្រ ក្រុមហ៊ុនមកដាក់ទន់វិនិយោគនៅប្រទេសកម្ពុជា ប៉ុន្តែប្រជាពលរដ្ឋយើងបែរទៅជាមានជំងឺ ឈឺគ្មានពេទ្យមើល ព្យាបាល ហើយម្នាក់ៗគិតតែពីដាក់សុំច្បាប់ឈឺ ដូច្នេះអ្នកវិនិយោគ គេមិនមកដាក់វិនិយោគទុននៅស្រុកយើងទេ»។ ការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ និងក្រុងសំពៅពូនប្រមាណ១៨០០នាក់។

នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តណែនាំឲ្យពន្យល់ប្រជាពលរដ្ឋពីសេចក្ដីសង្ឃឹមដែលអាចរស់បានរបស់ប្រជាពលរដ្ឋខ្មែរដូច្នេះថា នៅឆ្នាំ១៩៧០ ប្រជាពលរដ្ឋខ្មែរសង្ឃឹមរស់បានជាមធ្យមត្រឹម៤០ឆ្នាំ អ្នកខ្លះបាន៥០ឆ្នាំ, ខ្លះ៦០ឆ្នាំ, ខ្លះ២០ឆ្នាំ, ខ្លះ១៥ឆ្នាំ និងខ្លះបាន១០ឆ្នាំ ប៉ុន្តែបើគេគិតជាមធ្យមប្រជាពលរដ្ឋខ្មែរយើងមានសង្ឃឹមរស់បានត្រឹមតែ៤០ឆ្នាំទេ។ សម័យធ្វើរដ្ឋប្រហារព្រះករុណា សម្ដេចព្រះបិតា សម្ដេចឪយើង នៅរបប លន់ នល់ តួលេខធ្លាក់មកនៅត្រឹមអាយុ៣៩ឆ្នាំ, ៣៨ឆ្នាំ, ៣៧ឆ្នាំ រហូតដល់របបប្រល័យពូជសាសន៍ ពល ពត កាន់កាប់ នៅឆ្នាំ១៩៧៨ មុន១ឆ្នាំនៃការរំដោះចេញពីរបបប្រល័យពូជសាសន៍ តួលេខជាមធ្យមប្រជាពលរដ្ឋខ្មែរអាចសង្ឃឹមរស់បានតែ១៤ឆ្នាំទេ ខ្លះ២០ឆ្នាំ, ខ្លះ៣០ឆ្នាំ, ខ្លះ៤០ឆ្នាំ ប៉ុន្តែស្លាប់អស់រលីងដោយសារ ពល ពត សម្លាប់ចោលអស់ ទើបជាមធ្យមប្រជាពលរដ្ឋខ្មែរអាចសង្ឃឹមរស់បានត្រឹមតែអាយុ១៤ឆ្នាំ ដោយសារសង្គ្រាម អត់មន្ទីរពេទ្យ ហូបមិនគ្រប់គ្រាន់ និងគេវ៉ៃសម្លាប់ចោល។

ឯកឧត្តមបន្តថា រហូតដល់ប្រទេសយើងត្រូវបានរំដោះក្នុងឆ្នាំ១៩៧៩ តួលេខឡើងដល់២០ឆ្នាំ។ នៅឆ្នាំ១៩៩៨ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ទើបយើងអាចមានសង្ឃឹមរស់បានដល់អាយុ៥៦ឆ្នាំ ដោយសារយើងលែងមានសង្គ្រាមបន្តទៀត។ នៅឆ្នាំ២០២២ តួលេខបានឡើងដល់អាយុ៧០ឆ្នាំ នៃការសង្ឃឹមរស់របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាហេតុធ្វើឱ្យឪពុកម្តាយ លោកយាយលោកតា បងប្អូន មីងមានិងខ្លួនយើងរស់បានវែងជាងមុនរហូតដល់១៤ឆ្នាំ គឺដោយសាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ទុនលើវិស័យសុខាភិបាល មានមន្ទីរពេទ្យល្អ គ្រូពេទ្យល្អ ថ្នាំពេទ្យល្អ មានទឹកស្អាតបរិភោគ មានអាហារបរិភោគល្អ មានអនាម័យល្អ បរិស្ថានល្អ មានភ្លើង មានផ្លូវ មានផ្លូវល្បឿន មានព្រលានយន្ដហោះ មានកំពង់ផែ មានសាលារៀន មានវត្តអារាម មានស្ពានឆ្លង។

ឯកឧត្តមបន្តទៀតថា យើងមានសង្ឃឹមរស់បានកើនឡើងជារៀងរាល់ឆ្នាំ ដោយសារកត្ដាប្រទេសយើងមានសុខសន្ដិភាព និងមានការអភិវឌ្ឍន៍ ដែលបានបង្កើតការងារឲ្យប្រជាពលរដ្ឋយើងធ្វើ ភ្ញៀវទេសចរមានការកើនឡើងរាប់លាននាក់ យើងអាចនាំយកកសិផលទៅលក់នៅឯបរទេស។ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលបានដាក់ទុនលើវិស័យអប់រំ និងអ្នកវិនិយោគដាក់ទុនបង្កើតសាលារៀន និងបានធ្វើឱ្យវិស័យកីឡាមានការរីកចម្រើន ដូចជាការធ្វើជាម្ចាស់ផ្ទះនៃការបហរកួតស៊ីហ្គេមនាពេលកន្លងទៅនេះ ដែលផ្អើលអស់ពិភពលោកពីការរីកចម្រើន អភិវឌ្ឍន៍របស់កម្ពុជា គឺដោយសារកត្តាសុខសន្តិភាព គ្មានសុខសន្តិភាពយើងគ្មានអ្វីៗទាំងអស់ ដូច្នេះសូមណែនាំឲ្យប្រជាពលរដ្ឋយើងបោះឆ្នោតយកសន្តិភាព ថែរក្សា ការពារសន្តិភាពឲ្យបានទាំងអស់គ្នា មិនមែនយើងបោះឆ្នោតយកសង្គ្រាមទេ យើងឆ្អែតឆ្អន់ហើយសង្គ្រាម ស្លាប់រាប់លាននាក់ដោយសារសង្គ្រាម។

ជាមួយគ្នានោះ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រីបានយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាគម្រោងដ៏មានសារះសំខាន់បំផុត ដោយសារយើងអាចនាំយកសមិទ្ធផលយើងពីគ្រប់កន្លែងតាមទន្លេយើងទៅសមុទ្រយើង។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នមិនទាន់មានទូក នាវា ឬកប៉ាល់ដែលអាចនាំយកសមិទ្ធផលយើងពីទន្លេយើងទៅសមុទ្រយើងបាននៅឡើយនោះទេ យើងឆ្លងតាមប្រទេសគេ ដូច្នេះព្រែកជីកហ្វូណនតេជោអាចនាំយកទំនិញ សមិទ្ធផលយើងពីទន្លេទៅសមុទ្រ ទៅកំពង់ផែកំពត កំពង់ផែក្រុងព្រះសីហនុ រួចឆ្ពោះទៅលក់នៅឯបរទេសតែម្ដង។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយពេលវេលា កាត់បន្ថយនីតិវិធីតាមព្រំដែនអន្តរជាតិ និងជួយកាត់បន្ថយតម្លៃ។ ហើយព្រែកជីកហ្វូណនតេជោនឹងអាចជួយឲ្យលែងមានទឹកជំនន់លិចខេត្តតាកែវដូចរៀងរាល់ឆ្នាំនារដូវវស្សាដោយសារយើងមានទ្វារទឹក៣នៅទន្លេមេគង្គ តាកែវ និងកែប ហើយយើងនឹងបើកប្រឡាយទឹកមួយចំនួនឲ្យទឹកហូរចូលព្រែកជីក។ នៅរដូវប្រាំងយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយយើងមានអាងទប់ទឹកជម្រៅ៥.៤ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ និងបានដាក់ត្រី ជាហេតុធ្វើឲ្យប្រជាពលរដ្ឋចំនួនជាង១.៦លាននាក់ដែលរស់នៅតាមបណ្ដោយព្រែកជីកមានត្រីទទួលទានបានគ្រប់គ្រាន់។

ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តឲ្យដឹងថា ព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ពីទន្លេមេគង្គ មកព្រែកតាកែវ មកព្រែកតាឯក មកទន្លេបាសាក់ មកព្រែកតាហ៊ីង ទៅខេត្តតាកែវ ចេញទៅសមុទ្រខេត្តកែប និងទៅសមុទ្រខេត្តកំពត។ ហើយព្រែកជីកហ្វូណនតេជោនឹងក្លាយទៅជាតំបន់ទេសចរ អមសងខាងព្រែកជីកនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មនិងឧស្សាហកម្មដែលបានផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់ប្រទេសជាតិរបស់យើង។

ក្នុងពិធីសំណេះសំណាលខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងទន្លេពីក្រុងសំពៅពូន ទៅសង្កាត់ឈើខ្មៅផងដែរ ដែលគម្រោងនេះត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជាកំពុងត្រូវបានសិក្សា។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀតនិងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

 

 

អត្ថបទដែលជាប់ទាក់ទង