កម្ពុជាមិនខ្ចីលុយចិនមកធ្វើផ្លូវដែកដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនោះទេ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា កម្ពុជាមិនប្រើប្រាស់វិធីសាស្ត្រខ្ចីលុយចិនមកធ្វើផ្លូវដែកល្បឿនលឿននោះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក VOA ដែលវាយប្រហាររដ្ឋាភិបាលកម្ពុជា ថាខ្ចីលុយចិន ៤ ០០០លានដុល្លារយកមកសាងសង់ផ្លូវដែកល្បឿនលឿនគឺជាការចុះផ្សាយដែលមិនដឹងពីអ្វីដែលជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿននោះទេ។
ថ្លែងក្នុងសន្នីបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា រដ្ឋាភិបាលកម្ពុជាមិនខ្ចីលុយគេមកសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតនោះទេ ដោយរកនីតិវិធីជាដៃគូរជាមួយអ្នកអភិវឌ្ឍន៍មកសាងឱ្យបាន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា៖ «មកចោទថារាជរដ្ឋាភិបាលនឹងខ្ចីលុយ ៤ពាន់លានមកសាងសង់ផ្លូវដែកនេះ។ អញ្ចឹងរាជរដ្ឋាភិបាលនឹងវ័នករលោកអត់យល់អីទាំងអស់។ ខាង VOA នេះមិនយល់ថាគេកំពុងរៀបចំនីតិវិធីអ្វីផងមកចោទគេថាខ្ចី ៤ពាន់លាន។ សុំទោសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនខ្ចី ៤ពាន់មកកសាងផ្លូវដែកពីភ្នំពេញ-ទៅប៉ោយប៉ែតទេ!»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ថាការកសាងផ្លូវដែកនេះនាយករដ្ឋមន្រ្តីសម្ដេចតេជោបានលើកឡើងថាគឺត្រូវធ្វើតាមរបៀប BOT (Build-Operate-Transfer) ដោយក្រុមហ៊ុនទទួលសាងសង់ប្រតិបត្តិការក្នុងរយៈពេលណាមួយមុននឹងប្រគល់ជូនរាជរដ្ឋាភិបាល ឬ PPP (public-private partnership) ដែលជាការអភិវឌ្ឍន៍ក្នុងភាពជាដៃគូរជាមួយវិស័យឯកជន។ ហើយគំនិតនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន លើកឡើងទៅកាន់ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីចិនផងដែរ។
សារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពី «អន្ទាក់បំណុល»” ខណៈក្រសួងការបរទេសចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ។
គួរឱ្យដឹងផងដែរថា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនគ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕