នាយករដ្ឋមន្ត្រីកម្ពុជាណែនាំអាជ្ញាធរតាមដានគណនី Telegram Twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរទាំងថ្នាក់ជាតិ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ចចូលតាមដានគណនីTelegram Twitter និងTikTok របស់សម្តេចដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការណែនាំឱ្យអាជ្ញាធរតាមដានសំណូមពររបស់ប្រជាពលរដ្ឋនៅតាមគណនីនៃបណ្តាញសង្គមរបស់សម្តេចទាំង៣នេះហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋបង្កើតគណនីបណ្តាញសង្គម Telegram, Twitter និង TikTok ហើយភ្ជាប់ជាមួយសម្តេច ដើម្បីផ្តល់ព័ត៌មាន ឬផ្តល់សំណូមពរនានាទៅកាន់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដើម្បីទទួលបានព័ត៌មានពីខ្ញុំផ្តល់មតិឱ្យខ្ញុំ ឬស្នើសុំឱ្យខ្ញុំជួយ សូមបង្កើតប្រសិនមិនទាន់មាន និងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ខាងលើនេះរបស់ខ្ញុំ។ បណ្តាញទាំង ៣ខ្ញុំបើកឱ្យចូលមានមតិ បានគ្រប់បណ្តាញ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា បើទោះជាសម្តេចបោះបង់ចោលហ្វេសបុក តែសម្តេចនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះ៕