មេប៉ុស្តិ៍សង្កាត់ជ្រាវនាំស្រីស្នេហ៍ឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ នៅក្រុងសៀមរាប ខណៈប្រពន្ធតាមទាន់ បង្កជាហិង្សា ដឹងដល់ស្នងការខេត្តសៀមរាប
សៀមរាប៖ លោកវរសេនីយ៍ត្រី ស៊ត សៃ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ក្រុងសៀមរាបបាននាំស្រីស្នេហ៍ឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ ខណៈត្រូវបានប្រពន្ធតាមទាន់ ស្រាប់តែកើតអំពើហិង្សាវាយតប់តប់គ្នាផ្អើលក្នុងផ្ទះសំណាក់ទាំងកណ្តាលយប់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមប្រភពដែលបណ្ដាញសារទើបទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
បើតាមប្រភពបានឲ្យដឹងថា ពួកគាត់មើលហ្វេសប៊ុក ក៏ឃើញគេបង្ហោះតាមអាខោន Kung Sreymom ដង្ហោយរកភាពយុត្តិធម៌។ ខណៈស្ត្រីម្នាក់មានរបួសស្នាមពេញផ្ទៃមុខ ហើយបានសរសេរថា ប្រពន្ធលោក ស៊ត សៃ មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បាននាំគ្នាមកវាយគាត់ បណ្ដាលឱ្យរបួសធ្ងន់។
ករណីខាងលើនេះ គេសង្ស័យថា ជាទំនាស់ស្នេហាត្រីកោណ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។
ចំណែកស្ត្រីម្នាក់អាយុជាង៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបានបង្ហោះសារក្នុងសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា៖ បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត រួចហើយ ប្ដឹងពីបទហិង្សាដោយចេតនា ។ គាត់ក៏សូមសំណូមពរដល់សម្តេចពុក សម្តេចម៉ែ ជួយរកយុត្តិធម៌ឱ្យគាត់ផងដែរ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមតេឡេក្រាម នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ករណីហិង្សានេះ ។ លោកកំពុងតែឱ្យមន្ត្រីជំនាញស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី ប្រសិនបើស៊ើបអង្កេតគ្រប់ជ្រុងជ្រោយបាន៧០ទៅ៨០ភាគរយ លោកនឹងផ្តល់ព័ត៌មាន ជូនអ្នកសារព័ត៌មានទាំងអស់តែម្ដង។
ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ដា ចំរើន អធិការក្រុងសៀមរាប ប៉ុន្តែគ្រាន់តែឮសំនួរ លោកអធិការចុចបិទទូរស័ព្ទតែម្ដង។ចំណែកលោកវរសេនីយ៍ត្រី ស៊ត សៃ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅព្រឹកទី០៩ ខែកក្កដា ឆ្នាំ២០២៣ថា ពេលនេះលោកកំពុង ធ្វើការសម្របសម្រួលគ្នា។បើតាមលោក ស៊ត សៃ បញ្ជាក់ទៀតថា របួសរួមនិងការវាយតប់គ្នានោះ គឺមិនធ្ងន់ធ្ងរនោះឡើយ ហើយនឹងត្រូវដោះស្រាយបញ្ចប់ផងដែរ។
រឿងរ៉ាវស្នេហាត្រីកោណរបស់លោក ស៊ត សៃ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវនេះគេសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ប្រាកដជាចាត់វិធានការតាមនិតីវិធីច្បាប់មិនខានដឡើយដើម្បីជាគំរូសម្រាប់ពលរដ្ឋក៏ដូចជាមន្ត្រីដទៃទៀត៕