បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស ប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នមហាអយ្យការអមតុលាការ កំពូល តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ

ភ្នំពេញ៖ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស ប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាក៏បានធ្វើការឃាត់ខ្លួនឈ្មោះ ជា ដូ ជាម្ចាស់គណនីហ្វេសប៊ុកខាងលើយកមកសាកសួរ និងចាត់ការតាមនីតិវិធីកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

ទាក់ទិនករណីខាងលើនេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានថា៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ឈ្មោះ ជា នរៈ សាវង្ស ដែលមាន ID៖ ១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមាន ខ្លឹមសារថាៈ “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុន នឹងធ្វើជាមេធាវីការពារក្តីឲ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទ សូម លោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការ កំពូលក្រុងភ្នំពេញ ដោយប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការ កំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាឃាត់ខ្លួនឈ្មោះ ជា ដូ យកមកសាកសួរ និងចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តថា៖ ក្រោយពេលទទួលបានសំណុំរឿងខាងលើ ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ តំណាងអយ្យការបានធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជា ដូ រួចរាល់ហើយ ជនសង្ស័យ បានសារភាពទទួលស្គាល់កំហុស និងសុខចិត្តសុំទោសជាសាធារណៈ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តទៀតថា ក្រោយពីបានបញ្ចប់កិច្ចស៊ើបអង្កេត តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យឈ្មោះ ជា ដូ ត្រឡប់ទៅវិញនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដោយសារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យមិនទាន់បានបង្កើតជាអត្ថិភាព នៃបទល្មើសនៅឡើយបើផ្អែកតាមភស្តុតាង និងការពិនិត្យសំណុំរឿងរបស់តំណាងអយ្យការ។

គួរជម្រាបជូនថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស ដែលមានឈ្មោះពិតថា ជា ដូ បានធ្វើលិខិតសុំទោសជាសាធារណៈដូចតទៅនេះថា ខ្ញុំបាទឈ្មោះ ជា ដូ កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ ទីលំនៅបច្ចុប្បន្នផ្ទះសំណាក់ML ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទសុំទោសចំពោះ មហាអយ្យការអមតុលាការកំពូល និងសាធារណជនទាំងអស់ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទបានបង្ហោះសារតាមបណ្តាញសង្គម (Face book) ថា ខ្ញុំ សុំដាកសំណួរ ទៅខាងមេធាវី ដើមបណ្តឹងថាតើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុននឹងធ្វើមេធាវី ការពារក្តីឲ្យដើមបណ្តឹង លោកមានបាដឹងទេថា សំណុំមរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវី ធ្វើការដោយតម្លៃជាមេធាវីផង, យើងជានរៈ សាវង្ស ព្រះរាជអាជ្ញា អមតុលាការកំពូលក្រុងភ្នំពេញ ដែលការបង្ហោះនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់សា្ថប័នមហាអយ្យការអមតុលាការ កំពូលយ៉ាងធ្ងន់ធ្ងរ។

ខ្ញុំបាទសុំទោសនូវរាល់កំហុសឆ្គងដែលបានតាំងខ្លួនជាព្រះរាជអាជ្ញាអមតុលាការ កំពូល តែខ្ញុំបាទមិនមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ថាប័នមហាអយ្យការ អមតុលាការកំពូលទេ ដោយសារខ្ញុំបាទសិក្សាបានត្រឹមថ្នាក់ទី៩ ទើបមិនបានគិតវែងឆ្ងាយ ហើយ ខ្ញុំបាទសូមសន្យាថា ឈប់ប្រព្រឹត្តនូវរាល់អំពើខុសឆ្គងនេះតទៅទៀតហើយ និងធ្វើខ្លួនឲ្យក្លាយជា ពលរដ្ឋល្អនៅក្នុងសង្គមជារាងរហូត។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនៃមហាអយ្យការអមតុលាការកំពូល និងសាធារណជន ទាំងអស់មេត្តាអត់អោន និងអភ័យទោសដល់ខ្ញុំបាទផង ហើយក៏សូមសាធារណជនទាំងអស់កុំ ប្រព្រឹត្តកំហុសឆ្គងដូចខ្ញុំបាទ។

ខ្ញុំបាទសូមជូនពរដល់លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ព្រមទាំងសាធារណជនទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ បដិពានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខ្លឹមសារទាំងស្រុងនៃលិខិតសុំទោសជាសាធារណៈរបស់ឈ្មោះ ជា ដូ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស៖

អត្ថបទដែលជាប់ទាក់ទង