ម្ចាស់ម៉ូតូនិងបក្សពួកដេញចាប់ចោរលួចកាច់កម៉ូតូរបស់ខ្លួនបាន តាមGPS បង្កឲ្យមានការភ្ញាក់ផ្អើល ភ័យខ្លាចដល់ពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចាប់ឃាត់ខ្លួនបាន១៦នាក់
កណ្តាល៖ ម្ចាស់ម៉ូតូនិងបក្សពួកបានបើកប្រតិបត្តិការណ៍ដេញចាប់ចោរដែលលួចកាច់កម៉ូតូរបស់ខ្លួនបាន តាមប្រព័ន្ធ GPSដែលបង្កប់ក្នុងម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល ភ័យខ្លាច ភាពអាណាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្កាត់ស្វាយរលំ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី នៅចំណុច តាមផ្លូវ២១A ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ សហជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំចាប់ឃាត់ខ្លួនបានមួយក្រុមមានគ្នាចំនួន១៦នាក់។ ខណៈមាន២នាក់ ត្រូវបានឪពុកម្ដាយ អាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពបន្តថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមាន៖ ម៉ូតូ០៧គ្រឿង, ទូរសព្ទ័១៦គ្រឿង, កាំបិតប៉័ងតោ១ និងកាបូបស្ពាយ២។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង០០និង៣០នាទីមានក្មេងទំនើងម្នាក់ឈ្មោះ ផាន ផុន បានទុកម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ស ស្លាកលេខភ្នំពេញ1IT-4279 នៅខាងមុខផ្ទះនៅភូមិតាង៉ូវ ពេលនោះមានជនសង្ស័យបានលួចកាច់កយកទៅបាត់។ លុះមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ក៏ស្រាប់តែឃើញសញ្ញាGPSដែលបានភ្ជាប់ក្នុងម៉ូតូដែលបាត់នោះ បានលោតនៅចំណុចតាមផ្លូវភូមិលេខ២ សង្កាត់ស្វាយរំ ក្រុងតាខ្មៅ បន្ទាប់មកក្មេងទំនើងដែលជាម្វាស់ម៉ូតូឈ្មោះ ផាន ផុន បានហៅមិត្តភ័ក្ររបស់ខ្លួនមានចំនួន១៥នាក់ទៀត ក្នុងនោះក៏មានដាក់កាំបិតប៉័ងតោមួយក្នុងកាបូបមកជាមួយផងឲ្យជួយជិះម៉ូតូមកភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងទៀតថា នៅពេលក្រុមក្មេងទំនើងទាំង១៦នាក់ដឹកនាំដោយម្ចាស់ម៉ូតូ ក៏បានឃើញម៉ូតូរបស់ខ្លួនដែលត្រូវចោរលួចឃើញជនសង្ស័យម្នាក់ឈ្មោះ ឡា រតនា កំពុងជិះតាមផ្លូវ ទើបក្រុមក្មេងទំនើងទាំងនោះនាំគ្នាដេញតាមហើយព័ទ្ធចាប់បានតែម្តង បន្ទាប់មកក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំបានមកដល់ ហើយចាប់ខ្លួនក្រុមក្មេងទំនើងទាំង១៦នាក់នោះបាន និងចាប់ខ្លួនជនសង្ស័យម្នាក់ដែលទទួលទិញម៉ូតូពីករណីលួចយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្នដើម្បីសាកសួរកសាងសំណុំរឿងចាត់ការ៕