«អ្នកសារព័ត៌មានត្រូវឈរលើស្មារតីរួមសហការគ្នា ប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម»
ស្វាយរៀង៖ «អ្នកសារព័ត៌មានត្រូវឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដើម្បីកែលម្អការងាររបស់យើងឲ្យកាន់តែល្អ ទាំងក្នុងកិច្ចការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈ ដែលគោលដៅរួមចុងក្រោយគឺផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនបងប្អូនប្រជាពលរដ្ឋរបស់យើង»។ នេះជាការលើកឡើងរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃអង្គារថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង។
នាឱកាសនោះលោកអភិបាលខេត្តក៏បានជម្រុញឲ្យគ្រប់អង្គភាព និងអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងកិច្ចការទំនាក់ទំនងព័ត៌មាន ព្រមទាំងបណ្ដាញផ្សព្វផ្សាយសង្គមផ្ទាល់ របស់អង្គភាពខ្លួនឲ្យកាន់តែសកម្ម និងមានដំណើរល្អបន្ថែមទៀត។
ជាមួយគ្នានោះលោក ម៉ែន វិបុល ក៏បានបង្ហាញនូវក្ដីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តយើងទាំងអស់គ្នា និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង ដែលសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជា ផ្ដល់នូវភាពចាំបាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ហើយបានរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ។
ទន្ទឹមនោះ លោកអភិបាលបានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានត្រូវបន្តខិតខំសិក្សារៀនសូត្របង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យល្អប្រសើពិសេសត្រូវចងចាំពាក្យស្លោកដ៏មានអត្ថន័យគឺ អ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដ៏ទៃ កុំបំភ្លៃការពិត។ ហេីយត្រូវដើរឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។
លោកអភិបាលខេត្តក៏បានជម្រុញដល់អស់លោក លោកស្រីជាប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ៕ ដោយ៖ ការីនិពន្ធ 0769996667