នាយករដ្ឋមន្ត្រីកម្ពុជា៖ ជំនន់ទឹកភ្លៀងកំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការ​ចម្លែក​​អារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះ​ការលិចលង់​នៅ​អាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋា​ភិ​បាល​រឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។

សម្តេចតេជោបានលើកឡើងបែបនេះ បន្ទាប់ឃើញមានទឹកភ្លៀង​កំពុងបង្កើតឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន ដែល​ក្នុងនោះមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។

នៅលើបណ្តាញសង្គម Twitter ដែលជាមធ្យោបាយថ្មីក្នុងការបង្ហា​ញសារ​នានា​នោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ជំនន់ទឹកភ្លៀងកំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរ​ភ្លៀង​ធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធាន​បទ​វាយប្រហាររាជរដ្ឋាភិបាល»។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលេចជាភាសាអង់គ្លេសផងដែរថា «Extreme floods are attacking the US and Europe and no one criticized. In Cambodia, it was just a big rain with a level of 153 mm which we never had before and they used it as a topic to attack government»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមរយៈសារព័ត៌មានអន្តរជាតិនានា បានបង្ហាញ​ថា ជំនន់ទឹកភ្លៀងបង្កការជន់លិចប៉ះពាល់ប្រជាពលរដ្ឋ និងខូចខាត​ទ្រព្យ​សម្បត្តិធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត។ ប៉ុន្តែការជន់លិចទាំងនោះ មិនត្រូវបានអ្នកនយោបាយមាននិន្នាការប្រឆាំង ឬក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសលើកមកបង្ហាញ ឬនិយាយ ដើម្បីបានជាតថភាពពិត​ដល់​កា​រគិត និងពិចារណា​របស់​ប្រជាពល​រដ្ឋនោះ​ឡើយ។

ផ្ទុយពីជំនន់ទឹកភ្លៀងនៅកម្ពុជានាំឱ្យជន់លិចរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុន​នេះ។ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកនយោបាយជ្រុលនិយម គេបាន​ធ្វើ​អត្ថា​ធិប្បាយច្រើន ដោយមិនលើកបង្ហាញពីមូលហេតុនៃការធ្លាក់ភ្លៀងខ្លាំងមិន​ធ្លាប់មាន ដែលមានកម្រិតរហូតដល់ ១៥៣មិល្លីម៉ែត្រ។

ពួកគេបែរជាលើកហេតុផលតែមួយប៉ុណ្ណោះ គឺការចោទប្រកាន់ពាក់ព័ន្ធការ​អភិ​វឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅវិញ។ ការអត្ថាធិប្បាយដែលមិនលើកបង្ហាញនូវ​មូល​ហេតុពិតនៃបញ្ហា គឺជាការធ្វើឱ្យប្រជាពលរដ្ឋគ្មានមូលដ្ឋានពិចារណាទៅ​លើបញ្ហាអ្វីមួយ។

ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញនោះ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុង​រៀបចំហេដ្ឋារចនាសម្ព័ន្ធហូររំដោះទឹកភ្លៀង មានដូចជាការរៀបចំប្រព័ន្ធលូធំ និងកន្លែងសម្រាប់ស្តុកទឹកភ្លៀងជាដើម។

ទឹកភ្លៀងប៉ុន្មានថ្ងៃមុននេះ ដ្បិតតែលិចពេលកំពុងភ្លៀង។ ប៉ុន្តែក្រោយពេលភ្លៀងមិនយូរប៉ុន្មាន ទឹកបានហូរអស់ពីរាជធានីភ្នំពេញ ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពនៃការហូររំដោះទឹកបានលឿនរហ័ស៕

 

អត្ថបទដែលជាប់ទាក់ទង