ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកស្ពាន ផ្លូវ មន្ទីរពេទ្យ សុខសន្តិភាព និងយកអាយុវែង»

កណ្តាល៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេងរៀងទី១៨ ដើម្បីយកស្ពាន ផ្លូវ ផ្លូវល្បឿនលឿន សាលារៀន វត្តអារាម មន្ទីរពេទ្យ សុខសន្តិភាព ស្ថេរភាពនយោបាយល្អប្រសើរ និងយកអាយុវែង»។នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សក្នុងមូលដ្ឋានសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងឃុំកោះធំខ ក្នុងស្រុកកោះធំ សរុបប្រមាណ១៦០០នាក់។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីមន្ទីរពេទ្យតេជោសែនកោះធំដ៏អស្ចារដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងគៀងគររកថវិកាមកធ្វើការសាង់បានទាំងលំបាកនិងបានចំណាយថវិកាសម្រាប់ការសាងសង់អស់ថវិកាចំនួន៦.២លានដុល្លារ និងថវិកាសម្រាប់ទិញសម្ភារះឧបករណ៍បច្ចេកទេសទំនើបៗអស់ថវិកាជាង៥លានដុល្លារ សរុបចំនួន១១.២លានដុល្លារ ដើម្បីថែរក្សាសុខភាពរបស់បងប្អូនអ្នកស្រុកកោះធំ អ្នកក្រុងសំពៅពូន ក៏ដូចអ្នកនៅព្រៃកប្បាស ព្រៃល្វា អ្នកស្រុកលើកលើក និងអ្នកស្អាងផងដែរ។

ព្រែកជីកហ្វូណនតេជោគឺជាគម្រោងដ៏មានសារះសំខាន់បំផុត ដែលអាចនាំយកសមិទ្ធផលយើងពីគ្រប់កន្លែងតាមទន្លេយើងទៅសមុទ្រយើង និងអាចនាំយកទំនិញ សមិទ្ធផលយើងពីទន្លេទៅសមុទ្រ ទៅកំពង់ផែកំពត កំពង់ផែក្រុងព្រះសីហនុ រួចឆ្ពោះទៅលក់នៅឯបរទេសតែម្ដង។ ព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយពេលវេលា កាត់បន្ថយនីតិវិធីតាមព្រំដែនអន្តរជាតិ និងជួយកាត់បន្ថយតម្លៃ។ ព្រែកជីកហ្វូណនតេជោនឹងអាចជួយឲ្យលែងមានទឹកជំនន់លិចខេត្តតាកែវដូចរៀងរាល់ឆ្នាំនារដូវវស្សាដោយសារយើងមានទ្វារទឹក៣នៅទន្លេមេគង្គ តាកែវ និងកែប ហើយយើងនឹងបើកប្រឡាយទឹកមួយចំនួនឲ្យទឹកហូរចូលព្រែកជីក។ នៅរដូវប្រាំងយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយយើងមានអាងទប់ទឹកជម្រៅ៥.៤ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ និងបានដាក់ត្រី ជាហេតុធ្វើឲ្យប្រជាពលរដ្ឋចំនួនជាង១.៦លាននាក់ដែលរស់នៅតាមបណ្ដោយព្រែកជីកមានត្រីទទួលទានបានគ្រប់គ្រាន់។ព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ពីទន្លេមេគង្គ មកព្រែកតាកែវ មកព្រែកតាឯក មកទន្លេបាសាក់ មកព្រែកតាហ៊ីង ក្នុង ស្រុកកោះធំរបស់យើង ទៅខេត្តតាកែវ ចេញទៅសមុទ្រខេត្តកែប និងទៅសមុទ្រខេត្តកំពត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំក្នុងនាមកូនអ្នកស្រុកកោះធំ ត្រូវជាក្មួយលោកយាយស្រូយ និងត្រូវជាចៅកុងដួងនៅព្រែកតាដួងដើម្បីបានសិទ្ធិជាបម្រើរាស្ត្រ បម្រើបងប្អូនលោកតាលោកយាយអ៊ំមាមីងអ្នកស្រុកកោះធំបន្តទៀត និងបានបន្តអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀតនិងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងពិធីដ៏អធិកអធមខាងលើ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីក្ដីសង្ឃឹម ជឿជាក់ គោរព ស្រឡាញ់ ពេញចិត្តចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងចង់បានសុខសន្តិភាព ដោយសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង