កូនម្ចាស់ផ្ទះជាជនជាតិវៀតណាមដកកាំភ្លើងភ្ជង់ក្រុមគ្រួសារសិស្សស្រីនិទ្ទេសA ម្នាក់ ព្រោះខឹងនាងឈប់ជួល
ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយកើតកើតឡើងដោយហួសចិត្ត ខណៈម្ចាស់ផ្ទះជួលដកកាំភ្លើងភ្ជង់គំរាមអ្នកជួលផ្ទះរបស់បន្ទាប់ពីគេសុំរើឥវ៉ាន់ចេញ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពបានឲ្យដឹងថា កូនរបស់គាត់ជាសិស្សឆ្នើមនិទ្ទេស A និងបានជួលបន្ទប់ពីម្ចាស់ផ្ទះដើម្បីស្នាក់នៅរៀនសូត្របានមួយរយៈ ដោយពិបាកស្នាក់នៅនិងកន្លែងទុកម៉ូតូចង្អៀត កូនគាត់ក៏បានប្រាប់ម្ចាស់ផ្ទះ សុំរើចេញឈប់ជួលបន្តទៀត ស្រាប់តែម្ចាស់ផ្ទះជាជនជាតិវៀតណាម បានចេញប្រតិកម្មខឹង និងមិនឱ្យកូនរបស់គាត់រើចេញទេ។ ក្រោយប៉ះសម្ដីគ្នា កូនស្រីរបស់គាត់ នាងក៏លែងហ៊ានស្នាក់នៅនិងបានចេញទៅនៅជាមួយបងប្អូនជាបណ្តោះអាសន្ន។
ប្រភពបន្តថា រហូតដល់ព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ កូនបានហៅម្ដាយ និងម្តាយមីង ដែលជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះផង។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើអីវ៉ាន់ចេញ ខណៈកំពុងតែរើ ស្រាប់តែម្ចាស់ផ្ទះនោះបានមកជេរប្រមាថពួកគាត់ចោទពួកគាត់ថាជាចោរ និងដាក់ទំនាយកូនស្រីគាត់បន្ថែមទៀត។ ដោយលឺពាក្យមិនសមរម្យពីម្ចាស់ផ្ទះមកកាន់យុវតីខាងលើ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួលថា «បើក្មួយស្រីខ្លួននៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ និងដាក់ទំនាយនាងបែបនេះ» គ្រាន់តែនិយាយចប់ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាម្ដងទៀត រហូតមានបុរសម្នាក់ដែរគេស្គាល់ថាជាកូនម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើ បានចេញមកជួយឈ្លោះ និងដកកាំភ្លើងមកភ្ជង់ពួកនាង។
ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហៅភាគីម្ចាស់ផ្ទះដែលដកកាំភ្លើង និងអ្នកជួលបន្ទប់ស្នាក់ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធីច្បាប់។
ទាក់ទិនករណីខាងលើ បណ្ដាញសារព័ត៌មានយើងមិនទាន់ទទួលបានព័ត៌មានពីអត្តសញ្ញាណច្បាស់លាស់របស់ភាគីទាំងពីរខាងលើនៅឡើយនោះទេ ក៏ប៉ុន្តែមានសំណួរលើកឡើងថា តើកូនប្រុសម្ចាស់ផ្ទះជួលមានមុខរបរជាអ្វី ហេតុអ្វីមានកាំភ្លើងប្រើប្រាស់ និងបានដកភ្ជង់គំរាមកំហែងគេឯងដោយគ្មានញញើតច្បាប់របស់កម្ពុជា?