ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានស្ថាបនារួចជាស្ថាពរ
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានស្ថាបនារួចជាស្ថាពរ រង់ចាំការបំពាក់សម្ភារបរិក្ខារ ហើយគ្រោងនឹងសម្ពោធបើកឱ្យដំណើរការបន្ទាប់ពីការបោះឆ្នោតរួចរាល់។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត និងអ្នកឧកញ៉ា ទ្រី ភាព រួមទាំងថ្នាក់ដឹកនាំ ក្រុមការងារគណបក្សប្រជាកម្ពុជាចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល ជាច្រើនរូបទៀត។
គួរជម្រាបជូនថា ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីយរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
សមិទ្ធលទ្ធភាពនៃមន្ទីរពេទ្យនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១១.២លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦.២លានដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថា មន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។
សូមជម្រាបជូនបន្ថែមថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង៖ ១.អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ , ២.អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ, ៣.អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។
អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ហើយឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕