រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផ្ដល់អនុសាសន៍ ១១ចំណុចជូនក្រសួងសាធារណការក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានជំរុញដល់ក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព។
តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ចំនួន១១ចំណុចដល់ក្រសួងសាធារណការក្នុងការកំណត់នូវការងាររបស់ខ្លួនក្នុងឆ្នាំ២០២៣នេះដោយរួមមាន ការធ្វើឱ្យសម្រេចបាននូវផែនការមេស្ដីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលបានដាក់ក្នុងគម្រោងអទិភាពជាពិសេសផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ គម្រោងផ្លូវដែកអាទិភាព។ ជាមួយគ្នានោះត្រូវគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងផងដែរ។
ឯកឧត្តមក៏បានផ្ដោតការយកចិត្តទុកដាក់ផងដែរក្នុងឆ្នាំ២០២៣លើ ការអនុម័តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ការប្រើប្រាស់យានយន្តអគ្គិសនី ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែឱ្យកាន់តែប្រសើរ។
ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហានៅឡើយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានជំរុញការផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពចរាចរណ៍ និងការពង្រឹងអនុវត្តច្បាប់ លើសពីនេះដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងលោកក៏ជំរុញឱ្យមានការរៀបចំច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកនិងកំពង់ផែ និងច្បាប់ស្ដីពីផ្លូវដែកផងដែរ។
ឯកឧត្តមក៏បានជំរុញដល់ក្រសួងសាធារណការបន្តការបណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់ឧត្តម និងវគ្គជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូនបន្តទៀត ជាមួយនឹងការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមបន្តថា៖ «ខ្ញុំសូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះទិសដៅការងារ ឆ្នាំ ២០២៣ ហើយខ្ញុំមានជឿជាក់យ៉ាងមុខមាំថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាន នូវទិសដៅការងារ ឆ្នាំ២០២៣ នេះ បានយ៉ាងពិតប្រាកដ»។
គួរឱ្យដឹងផងដែរថា ក្រសួងសាធារណការបានរៀបចំសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ រយៈពេល១ថ្ងៃ ថ្ងៃទី១៥ ខែកុម្ភៈ ដែលបានបង្ហាញលទ្ធផលសម្រេចរបស់ក្រសួងបានជាច្រើនក្នុងឆ្នាំកន្លងទៅដោយបានបញ្ចប់ដោយជោជ័យនូវគម្រោងជាច្រើន ខណៈនៅឆ្នាំ២០២៣ នេះក្រសួងក៏នឹងបន្ថែមការងារជាច្រើនសម្រាប់បន្តការងារជាបន្តទៀតផងដែរ។
រដ្ឋមន្ត្រីសាធារណការ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាលទ្ធផលដែលសម្រេចបាននេះគឺដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ និងស្ថិរភាពនយោបាយពិតប្រាកដនៅកម្ពុជា និងប្ដេជ្ញាធ្វើឱ្យសម្រេបាននូវការងារបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តមបន្ថែមថា៖ «ឆ្នាំ២០២៣ ជាឆ្នាំបន្ដលើកកម្ពសល់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ការកំណត់យកប្រធានបទនេះមកធ្វើជាទិសដៅរួមគឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល»។
បើតាមឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ជាវិស័យអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ការចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ខណៈដែលកម្ពុជាបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងកើនឡើងដល់ប្រមាណ ៥,៦%ក្នុងឆ្នាំ២០២៣នេះ៕