ឯកឧត្ដម ឯម ច័ន្ទមករា៖ «ខ្ញុំក៏សូមចូលរួមអបអរសាទរ និងសម្តែងនូវការស្វាគមន៍ផងដែរចំពោះការគាំទ្របន្តរបស់រដ្ឋាភិបាលអូស្រ្តាលីសម្រាប់កម្មវិធី ACCESS សម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត»

ភ្នំពេញ៖ ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា គិតត្រឹមចុងឆ្នាំ២០២២ ជនមានពិការភាពមានឱកាសចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន មានការកើនឡើង បើធៀបនឹងឆ្នាំ២០២១។

ឯកឧត្ដមបញ្ជាក់ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ជនមានពិការភាពដែលចូលបម្រើការងារក្នុងវិស័យសាធារណៈមានចំនួន ៣ ៧៤៨នាក់ (ក្នុងនោះស្រ្តី ២៣ភាគរយ) បានកើនឡើង ៤ភាគរយបើធៀបនឹងឆ្នាំ២០២១។ ដោយឡែកជនមានពិការភាពដែលបានចូលបម្រើការងារក្នុងវិស័យឯកជន មានចំនួន ៥ ៨៣៩នាក់ (ក្នុងនោះស្រ្តី ៦៦ភាគរយ) បានកើនឡើង ១២ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ឯកឧត្ដម ឯម ច័ន្ទមករា បានបង្ហាញរបាយការណ៍នេះក្នុងឱកាសលោកចូលរួមក្នុងកិច្ចប្រជុំលើកទី១៣ ផ្នែកពិការភាពនៃកម្មវិធី ACCESS ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយលេខាទី២ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ខនណ័រ ហ្វ្លដ ប្រធានកម្មវិធី ACCESS លោកស្រី អាន រូខៀវ និងលោក លោកស្រី តំណាងអង្គការដៃគូទាំងអស់របស់កម្មវិធី ACCESS។
ឯកឧត្ដមបានរំលឹកពីសមិទ្ធផលចម្បងៗដែលសម្រេចបានកន្លងមក ក្នុងនោះជនមានពិការភាពចំនួន ១៩ ៧៧២នាក់ មានស្រ្តី ៤៣ភាគរយបានទទួលប្រាក់ឧបត្ថម្ភក្រោមក្របខ័ណ្ឌរបបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ជាមួយគ្នានេះ ជនមានពិការភាពដែលស្ថិតក្នុងគ្រួសារក្រីក្រចំនួន ៦៤ ៥៧៦នាក់ បានទទួលប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមដែលរៀបចំឡើងដោយរដ្ឋាភិបាល បើគិតត្រឹមខែមករា ឆ្នាំ២០២៣។
លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាជាងមួយទសវត្សដល់វិស័យពិការភាពនៅកម្ពុជា។
ឯកឧត្ដមថា៖ «ទទ្ទឹមនឹងសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបាន គួរជាទីមោទនៈទាំងនេះ ក៏នៅមានកិច្ចការជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើ និងត្រូវពង្រឹងនិងពង្រីកបន្ថែមទៀត រួមទាំងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីពិការភាពដោយផ្អែកលើសិទ្ធិជាមូលដ្ឋាន ការកសាងធនធានមនុស្សក្នុងវិស័យពិការភាព និងការបង្កើនកញ្ចប់ថវិកាក្នុងវិស័យនេះផងដែរ»
ឯកឧត្ដមបន្ថែមថាកិច្ចការទាំងនេះទាមទាឱ្យមានការចូលរួមពីគ្រប់ភាគី និងគ្រប់កម្រិត រួមទាំងការចូលដោយសកម្មពីសំណាក់ជនមានពិការភាពផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសង្គមកិច្ចបាននិយាយថា៖ «ខ្ញុំក៏សូមចូលរួមអបអរសាទរ និងសម្តែងនូវការស្វាគមន៍ផងដែរចំពោះការគាំទ្របន្តរបស់រដ្ឋាភិបាលអូស្រ្តាលីសម្រាប់កម្មវិធី ACCESS សម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត»

អត្ថបទដែលជាប់ទាក់ទង