ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបពីការដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែនកោះធំ» នៅខែក្រោយ និងគម្រោងសាងសង់ស្ពានឆ្លងទន្លេ២ទៀតសម្រាប់អ្នកស្រុកកោះធំនិងក្រុងសំពៅពូន
កណ្តាល៖ «មន្ទីរពេទ្យតេជោសែនកោះធំ មានចំនួន១៥០គ្រែ ស្តង់ដារអន្តរជាតិ គូរប្លង់ដោយមន្ទីរពេទ្យកាល់ម៉ែត និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែក្រោយ»។ នេះជាថ្លែងបញ្ជាក់របស់ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជាមកពីភូមិព្រែកតារ័ត្ន ឃុំពោធិបាននិងភូមិទួលសង្កែ ឃុំកំពង់កុង ប្រមាណជា១៦០០នាក់ ដែលជាថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ឯកឧត្តមបានឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះធំ ក្រុងសំពៅពូនសិក្សាពីប្រភពថវិកា ផលប៉ះពាល់ និងរកទីតាំងសម្រាប់គម្រោងនៃការសាងសង់ស្ពានចំនួន០២បន្ថែមទៀត នៅក្នុងស្រុកកោះធំ និងក្រុងសំពៅពូន ដោយទី១ ឆ្លងពីឃុំកោះធំ (ក) ទៅឃុំកោះធំ (ខ) ត្រង់ចំណុចសំប៉ាន និងទី២ ឆ្លងពីក្រុងសំពៅពូន ទៅសង្កាត់ឈើខ្មៅដើម្បីផ្ដល់ភាពងាយស្រួលជូនបងប្អូនអ្នកស្រុកកោះធំ ក៏ដូចជាអ្នកក្រុងសំពៅពូន ជាពិសេសតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលចង់ឲ្យុមានការសាងសង់ស្ពាន ៥គីឡូម៉ែត្រមានស្ពាន១ទៀតផង។
នៅក្នុងពិធីខាងលើ ប្រជាពលរដ្ឋបានលើកឡើងថា មិនមែនគណបក្សប្រជាជនកម្ពុជាមកទិញទឹកចិត្តពួកគាត់ទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអ្នកឃុំកោះធំ (ក) ចង់បានស្ពាន និងចង់បន្តថែរក្សាសន្តិភាព និងប្ដេជ្ញានាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថ្លែងថា ឈាមពិតជាខាប់ជាងទឹក ដូច្នេះក្នុងនាមឯកឧត្ដមជាកូនអ្នកស្រុកកោះធំ និងមានក្រុមការងារស្ម័គ្រស្មោះបម្រើបងប្អូនប្រជាពលរដ្ឋបន្តទៀត ដូច្នេះសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។ ឯកឧត្តមបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា យកសន្តិភាពដើម្បីកសាងមាតុភូមិយើងឲ្យកាន់តែរុងរឿង និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត។
ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា យើងជាអ្នកបម្រើរាស្ត្រ គឺបម្រើរាស្ត្រឲ្យបានល្អប្រសើរ ឲ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺត្រូវយកសេវាឲ្យមកគៀកប្រជាពលរដ្ឋដូចជាការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ បណ្ណបើកបរ លិខិតបញ្ជាក់មរណៈភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ផ្ទេរកម្មសិទ្ធិយានយន្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបន្តថា «ដោយសារប្រទេសយើងមានសុខសន្តិភាព ទើបគេយកថវិការាប់ពាន់លានដុល្លារមកកសាងផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត, ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ នៅក្នុងសម័យតេជោសែន យើងនឹងមានគម្រោងដ៏អស្ចារ្យទៀតគឺយើងនឹងស្ដារព្រែកឲ្យជ្រៅដើម្បីងាយស្រួលឲ្យនាវា កប៉ាល់ចេញចូលបាន អាចដឹកយកកសិផលរបស់បងប្អូនប្រជាពលរដ្ឋបាន ដោយចំណេញទាំងពេលវេលា និងចំំណេញទាំងថវិកា ដែលរាជរដ្ឋាភិបាលនឹងជីកព្រែកមួយកាត់តាមទន្លេមេគង្គ មកព្រែកតាឯក តមកព្រែកតាហ៊ីងក្នុងស្រុកកោះធំទៅតាកែវ កែប និង កំពតតែម្ដងគឺ «ព្រែកជីកហ្វូណនតេជោ»៕